ទីក្រុងឡុងដ៍សម្រេច​យក​មជ្ឈមណ្ឌល​តំាង​ពិព័រណ៍ធំបង្អស់​មកទទួលព្យាបាល​អ្នកជំងឺកូវីដ

ចក្រភពអង់គ្លេសបានជ្រើស​យក​ មជ្ឈមណ្ឌលពិព័រណ៍ ExCel ដ៏ធំរបស់ខ្លួន នៅកណ្តាល​ទីក្រុងឡុងដ៍ ប្តូរមកជាមន្ទីរពេទ្យបណ្តោះអាសន្នដែលបំពាក់គ្រែ ៤០០០ សម្រាប់ទទួល​សម្រាល​ការ​ព្យាបាលនៃការជន់លិចវត្តមាន​អ្នកជំងឺផ្ទុកមេរោគកូវីដ។

មជ្ឈមណ្ឌលព្យាបាលនេះ​នឹង​គ្រប់គ្រងដោយកងទ័ពដែល​កំពុងធ្វើការជាមួយបុគ្គលិក NHS ដើម្បីរៀបចំឱ្យ​រួចរាល់នៅត្រឹម​សប្តាហ៍ក្រោយ។
ប៉ុន្មានថ្ងៃមកហើយ​ដែល​កងទ័ព បានពង្រាយគ្នារុករក​នៅទូទាំងប្រទេសដើម្បីស្វែងរកទីតាំងដែលសមរម្យជាងនេះប៉ុន្តែមជ្ឈមណ្ឌលនេះជាជម្រើសចុងក្រោយ។

មន្ទីរពេទ្យនានាក្នុងរាជធានីមួយនេះ​កំពុង​ផ្ទុះចេញ​នូវសម្ពាធកាន់តែខ្លាំងឡើងៗ ពីជំងឺរាតត្បាតរហូតដល់ព្រមាន​ថាទទួលលែងបាន។

ទាហានអង់គ្លេស​ក៏ត្រូវបានគេដាក់ពង្រាយនៅតាមទីតាំងនានា នៅទូទាំងប្រទេសផងដែរជាផ្នែក​នៃការ​ជួយ​ពិនិត្យមើលរក​កន្លែងណាដែលអាចប្រែទៅជាមន្ទីរពេទ្យបានរហ័ស។

ទីធ្លាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សាធារណៈ សណ្ឋាគារធំៗ និងបន្ទាយយោធាស្ថិតក្នុងចំណោមជំរើសចំបង។

ក្រសួងការពារជាតិរំពឹងថា មន្ទីរពេទ្យបណ្តោះអាសន្ននឹងត្រូវសាងសង់បន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទីក្រុង​ស្ងាត់់ក្រោយចម្រាមគោចរកាលពីម្សិលមិញ

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា មន្ទីរពេទ្យ ថ្មី២នឹងបើកដំណើរការណ៍​នៅសប្តាហ៍ក្រោយហើយ កន្លែងនិមួយៗ​អាចផ្ទុកមនុស្សបានរហូតដល់ ២០០០ នាក់ចំណែក​បុគ្គលិកសុខាភិបាល គឺ​មកពី​ផ្នែកសេវាសុខភាពជាតិ (NHS National Health system ) និងបុគ្គលិកពេទ្យយោធា។

លោកបាននិយាយថា ប្រទេសនេះក៏កំពុងស្វែងរកអ្នកស្ម័គ្រចិត្តរហូតដល់ ២៥០,០០០ នាក់ដើម្បីជួយបន្ថែមដៃ​ដល់ NHS និងប្រជាជនដែលងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិនេះ។

អ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ នឹងត្រូវបានស្នើសុំឱ្យជួយ ក្នុងការទៅទិញឥវ៉ាន់ ទិញគ្រឿងទេស ម្ហូបម្ហា ពីឱសថស្ថាននិងទូរស័ព្ទទៅអ្នកដែលងាយរងគ្រោះនៅដាច់ឆ្ងាយពីគេ​ឱ្យមកពិនិត្យមើលព្យាបាល។

ចំនួនអ្នកស្លាប់ដោយសារជំងឺCovid19នៅចក្រភពអង់គ្លេស មានសរុប ៤២២ នាក់ដោយមានមនុស្សជាង ៨.០០០ នាក់បានឆ្លងវីរុសនេះក្នុងចំណោម​មនុស្ស ៩០.០០០ នាក់ដែលបានធ្វើតេស្តិ៍។

ឡាហ្សូលី