ពេទ្យ​នៅទួរគី​កំពុង​ទន់ដៃស្របពេល​កង្វះសម្ភារៈការពារ​វេជ្ជសាស្ត្រ​កំពុងចោទជុំវិញពិភពលោក

បុគ្គលិកសុខាភិបាលទួរគី ប្រាប់វិទ្យុអាឡឺម៉ង់ Deutsche Welle DWដោយបានបង្ហាញក្តីសង្ស័យលើតួលេខផ្លូវការ​ដែលចេញដោយ​រដ្ឋាភិបាលចំពោះករណីឆ្លងនៃវីរុសCovid-19 ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលប្រកាសជាផ្លូវការតួលេខ​នៃ​ភាពរងគ្រោះដោយ​ COVID-១៩ នៅក្នុងប្រទេសទួរគីឃើញមាន​មនុស្ស​៧៥នាក់ដែលបាន​ស្លាប់ដោយសារជំងឺនេះ។

វេជ្ជបណ្ឌិតបានប្រាប់ថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ព្រោះការធ្វើតេស្តមានកំណត់ ហើយថា អ្នកខ្លះដែលស្លាប់ដោយសារវីរុសកូវីដដែរ ដោយសារមិនបាន​ធ្វើរោគវិនិច្ឆ័យក៏មិនត្រូវបានគេកត់ត្រាថា ជាអ្នកស្លាប់ដោយសារមាន​ផ្ទុកវីរុសនោះទេ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋ Izmir បានប្រាប់ DW ថា ជំនួសឱ្យការដែល​ត្រូវបានកត់ត្រាថាជាមរណភាព​ដោយសារជំងឺ coronavirus រោគសញ្ញាដែលត្រូវបានគេស្គាល់ដូចជាបញ្ហាផ្លូវដង្ហើមត្រូវបានសរសេរលើសំបុត្រមរណភាព។ «ប៉ុន្តែយើងដឹងថាពួកគេបានស្លាប់ដោយសារជំងឺនេះ»។

វេជ្ជបណ្ឌិតម្នាក់ទៀតមកពីទីក្រុងអ៊ីស្តង់ប៊ុលបាននិយាយដែរថា រោគសញ្ញាដូចជាជំងឺរលាកសួតនិងដង្ហើមខ្លី ត្រូវបានគេកត់ត្រាទុកលើអ្នកស្លាប់។លោកថា « ទោះបីជាមិនត្រូវបានគេកត់ត្រាក៏ដោយមនុស្សគ្រប់គ្នាដឹងថា នេះជាលទ្ធផលនៃមេរោគឆ្លងពីព្រោះយើង​មិនមានការធ្វើតេស្តនោះទេប៉ុន្តែសញ្ញាគឺឃើញឡើងពេល​ពិនិត្យព្យាបាលសួត។ របៀបដែលពួកគេឆ្លងវីរុសនេះគឺភាគច្រើន​ប្រជាជន​មាន​ទំនាក់ទំនងជាមួយអ៊ីរ៉ង់ឬអ៊ីតាលី។»

អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់នៅ ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបតែបានវិលត្រឡប់មកប្រទេសទួរគីវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះហើយក្នុងករណីខ្លះទំនងជាបាននាំវីរុសនេះមកជាមួយ។

ព្រំប្រទល់របស់ប្រទេសទួរគីជាមួយអ៊ីរ៉ង់ជាមួយ​លំហូរចរាចរណ៍មិនដាច់ បានបង្កការព្រួយបារម្ភធ្ងន់ឡើងៗ នៅពេលដែលចំនួនករណីឆ្លងវីរុសកូវីដនៅសាធារណរដ្ឋអ៊ីស្លាមបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងតំាំងពីពាក់កណ្តាលខែកុម្ភៈមក។

ទួរគីទើប​តែ​បានកត់ត្រាជាផ្លូវការនូវករណីទី ១ នៃការឆ្លង​កូវីដ១៩ របស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែមីនា ប៉ុណ្ណោះ។ ទោះយ៉ាងណាតួលេខនេះបានកើនឡើងយ៉ាងខ្លាំងដល់ ១.១៩៦ នាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបើយោងតាមលទ្ធផលនៃការធ្វើតេស្តចំនួន ៧,២៨៦ ក្នុងវដ្ត ២៤ ម៉ោង។

វេជ្ជបណ្ឌិតនៅនាយកដ្ឋានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងតំបន់ Trakya ភាគពាយព្យនៃប្រទេសទួរគីបាននិយាយថា តួលេខនៃការឆ្លងមេរោគ ទំនងជានឹងកើនឡើងទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

ជាមួយនឹងវិបត្តិដែលកំពុងកើនឡើង បុគ្គលិកពេទ្យទួរគី កំពុងខ្វះខាតឧបករណ៍ការពារចាំបាច់ជាច្រើន ដើម្បីការពារការងារ​ពួកគេពីការឆ្លងវីរុស។ វេជ្ជបណ្ឌិតដដែលប្រាប់DWថា ៖«ទោះខ្ញុំមិនដោះម៉ាស​ចេញដើម្បីញាំអាហារព្រឹក ឬចូលបង្គន់ក៏យើងត្រូវការ​ហោចណាស់២សម្រាប់ដែរក្នុងមួយថ្ងៃ ព្រោះយើងត្រូវហូបទឹក! អ្វីដែលដោះហើយ យើងមិនអាចពាក់វិញជាថ្មីបានទេ គឺត្រូវបោះចោល!ឥឡូវយើងកំពុងខ្វះខ្លាំង!»

ចម្រើន តារា​