BREAKING NEWS
Search

ជនជាតិ​ចិន​ប្រុស​ស្រី​២៦ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន

ប៉ោយប៉ែត​ ៖ ​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ចិន បាន​ធ្វើ​​ការ​​ឆែកឆេរ​ក្នុង​លំនៅឋាន​ចំនួន​ពីរ​កន្លែង ហើយ​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​ប្រុស​ស្រី​បាន​ចំនួន​រហូត​ទៅដល់ ២៦​នាក់​ឯណោះ​ សង្ស័យ​​​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ ​នៅ​ក្នុង​ស្រុកកំណើត ​​ហើយ​រត់​មក​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​​សមត្ថកិច្ច​ចម្រុះ​ ដែលមាន​ជនជាតិ​ចិន​ចូលរួម​ផងដែរ​នោះ បាន​សហការ​ជាមួយ​នឹង​កងកម្លាំង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ម្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើ​សកម្មភាព​ ស្វែង​រក​ជនសង្ស័យ​ ដែល​ជា​ជនជាតិ​ចិន​នៅ​តាម​មូលដ្ឋាន​ចំនួន​ពីរ​ទីតាំង​ ដោយ​ទីតាំង​១ ស្ថិតនៅ​បុរី​សាន ស៊ានហូ ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត (​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​ជន​ជាតិ​ចិន​) និង​ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​អូរជ្រៅ ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ (ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២៤​នាក់​ ស្រី​៤​នាក់)។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​​​ ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ អាច​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ឧក្រិដ្ឋ​ណាមួយ​នៅ​ប្រទេស​កំណើត របស់​ខ្លួន​ហើយ​បាន​រត់​មក​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​មុនពេល​ឃាត់​ខ្លួន​គេ​ឃើញ​សមត្ថកិច្ច បាន​បង្ហាញ​រូបថត របស់​ជន​ត្រូវ​ចាប់​ទៀត​ផង។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ​រួចមក សមត្ថកិច្ច​ចងដៃ​នឹង​ខ្សែ​សុវត្ថិភាព រួច​ដឹក​តាម​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី ចេញពី​ក្រុង​ប៉ោយប៉ែត​ទាំង​ព្រលប់​តែម្ដង​ ដើម្បី​យកទៅ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៅក្នុង​ប្រទេស​ចិន​នាពេលខាងមុខ។ ប្រភព​​ ​បាន​បញ្ជាក់​ទៀតថា​ ខាង​សមត្ថកិច្ច​កម្ពុជា​គ្រាន់​តែ​មាន​សិទ្ធិ​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើសកម្មភាព​ជា​មួយ​នឹង​សមត្ថកិច្ច​ដែល​ជា​ជនជាតិ​ចិន​តែប៉ុណ្ណោះ៕
ពៅរី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114