សមត្ថកិច្ច​ ខេត្ត​ព្រះសីហនុ ​តាម​ចាប់​បក្ខពួក ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត ខ្មែរ ចិន ដល់​ភ្នំពេញ

ភ្នំពេញ ​៖​ ជនជាតិ​ចិន​២​នាក់ ​​រួម​នឹង​ខ្មែរ​ម្នាក់​ ជា​ក្រុម​ជួញដូរ​អាវុធ​ និង​ចាប់​ជំរិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដ៏​ល្បីល្បាញ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហ​ការ​​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍​កា​កាប​ទី​២ ធ្វើការ​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៣ ខែ​​ធ្នូ​ បន្ទាប់ពី​បក្សពួក​២​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន នៅ​ឯ​ក្នុង​ខេត្ត​ព្រះសីហនុ​​​រួច​មក​ហើយ​នោះ។

ការ​ឃាត់ខ្លួន ជនសង្ស័យ​ចិន​ និង​ខ្មែរ​ទាំង​៣​នាក់​ខាងលើ បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​សាច់​អាំង​ «​ស៊ា​វ លីង ហាវ​» ផ្ទះ​លេខ 16C ផ្លូវ 109K ភូមិ​ក្បាលដំរី​ទី​២​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យោង​តាម​លិខិត​ពន្លាត​សមត្ថកិច្ច​ដែនដី​ទៅកាន់ រាជធានី​ភ្នំពេញ​លេខ​1618 រ​.​ប​.​ក​. របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​ រួម​នឹង​ចំណារ​ឯកភាព​ពី​លោក កៀង សុ​ន្ធ​លា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​មានការ​ឯកភាព​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​​ បាន​អនុញ្ញាត​ ឲ្យ​ចូល​ធ្វើ​ការ​ឆែកឆេរ​ពី​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ សុង ហ៊ួ​ង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនោះ​ រួមមាន​ជនជាតិ​ចិន​២​នាក់​ និង​ខ្មែរ​ម្នាក់​ ក្នុង​នោះ​ទី​១,​ឈ្មោះ Wang Qiao Ling ភេទ​ស្រី ជនជាតិ​ចិន ទី​២,​ឈ្មោះ Wang Hai Tao ភេទ​ប្រុស ជនជាតិ​ចិន ចំណែក​ទី​៣​ជា​បុរស​ជនជាតិ​ខ្មែរ មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ឡើយ។ ពួកនេះ​គឺជា​ឧក្រិដ្ឋជន​ជួញដូរ​អាវុធ​ និង​ចាប់​ជំរិត​ថែមទៀត​ផង។ បន្ទាប់មក​កម្លាំង​ចម្រុះ​ ចុះ​ប្រតិបត្តិការ ដកហូត​បាន​កាំភ្លើង AK-47 ចំនួន​១ ,​ក្បាល​គ្រាប់កាំភ្លើង​ម៉ាក​វ៉ាំ​ង​ដឺ​ឡុង​១​គ្រាប់​,​ម៉ាស៊ីន​ឆូត​កាត ATM ចំនួន​៥​គ្រឿង​,​ទូរសព្ទ​ដៃ​៣​គ្រឿង​,​ម៉ាស៊ីន​វេរ​លុយ​ចំនួន​៣​គ្រឿង ,​កាត​ធនាគារ​ចំនួន​៤​សន្លឹក​,​ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​ចំនួន​២​គ្រឿង​​ ,​ម្សៅ​ក្រាម​ស​ថ្លា​១​ដុំ​ប៉ុន​កូនដៃ (​សង្ស័យ​ជា​សារធាតុ​ញៀន​)​ម្សៅ​ក្រាម​ស​ថ្លា ១​កញ្ចប់​,​ថ្នាំ​គ្រាប់​WY ២​គ្រាប់​(​សង្ស័យ​ជា​សារធាតុ​ញៀន​),​ថ្នាំ​គ្រាប់​សំបក​ពណ៌​ក្រហម​៨​គ្រាប់​(​សង្ស័យ​ជា​សារធាតុ​ញៀន​),​ថ្នាំ​ប្រភេទ ទឹក​ចំនួន​៣​ដប (​សង្ស័យ​ជា​សារធាតុ​ញៀន​)​​ , ​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​ , ​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន , ​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​កាមេរ៉ា​សុវត្ថិភាព​១​គ្រឿង ​និង​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ីស​RX300​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-8243។
ក្រោយពេល​ចាប់​ខ្លួន, ​ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ រួម​នឹង​វត្ថុតាង​ ត្រូវ​បាន​នគរបាល​នាំទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ​បន្ត​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114