សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​ដាក់​ពង្រាយ​កម្លាំង​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​និង​វៀតណាម
BREAKING NEWS
Search

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​ដាក់​ពង្រាយ​កម្លាំង​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​និង​វៀតណាម

ភ្នំពេញ​ ៖​ កម្លាំង​សមត្ថកិច្ច​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បាន​ចាប់ផ្ដើម​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ នៅ​តាម​មូលដ្ឋាន​ និង​គ្រប់​ច្រក​ផ្លូវ​សំខាន់ៗ​ដើម្បី​ត្រៀម​ការពារ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នៅ​ក្នុង​ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន​ និង​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក​ទី​២៤​ ដល់​ថ្ងៃ​ទី​២៧ ​ខែ​មករា​ ឆ្នាំ​២០២០​នេះ។

សកម្មភាព​របស់​​សមត្ថកិច្ច ​នៅក្នុងពេល​បំពេញការងារ​នោះ ​តាម​ដែល​គេ​បាន​ឃើញ​ជាទូទៅ​ជាក់ស្ដែង ​ពួកគេ​មួយ​ចំនួន​ជិះ​ល្បាត​និង​មួយ​ចំនួន​ទៀត​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ផ្លូវ​ធំៗ​ខ្លះ​ធ្វើការ​រំដោះ​យានយន្ត​កុំឲ្យ​កកស្ទះ ​ខ្លះ​ជូន​ដំណើរ​ជន​ចាស់ជរា ​និង​សិស្សសាលា​ឆ្លង​ផ្លូវ​ និង​ខ្លះ​ទៀត​គន់​រំពៃមើល​សកម្មភាព​ក្មេង​ទំនើង​ក្រែង​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាជន ​ដែល​កំពុង​ធ្វើ​ដំណើរ។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឃួ​ង​ ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​ទាំង​អស់​ឲ្យ​ធ្វើ​ការណែនាំ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ធូប​ទៀន​ក្រែង​បង្ក​ឲ្យ​ឆេះ​ផ្ទះសម្បែង​ និង​បាន​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ដុត​កាំជ្រួច​ឬ​ដុត​ផាវ​បង្ក​ជា​សំឡេង​ផ្ទុះ​ឡើយ​ដែល​អាច​នាំឲ្យ​ច្រឡំ​គ្នា​នឹង​សំឡេង​ផ្ទុះ​នៃ​គ្រាប់កាំភ្លើង​ដែល​ជនល្មើស​មក​បាញ់​បោះ​ឬ​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាជន​ ហើយ​សមត្ថកិច្ច​មិនបាន​ចាប់អារម្មណ៍​ និង​មិន​មក​បង្ក្រាប។

ក្រៅពី​ការពារ​សុវត្ថិភាព​ ដោយ​អំពើ​ចោរកម្ម​ផ្សេងៗ​សមត្ថកិច្ច​គ្រប់​ខណ្ឌ​ក៏បាន​ត្រៀម​រថយន្ត​ដឹក​ទឹក​សម្រាប់​បាញ់​ពន្លត់​គ្រោះ​អគ្គិភ័យ​ផង​ដែរ​ ដោយសារ​ស្ទើរតែ​រាល់ពេល​ចូលឆ្នាំ​ខ្មែរ​ឬ​ចិន​យួន​តែងតែ​មាន​អគ្គិភ័យ​កើតឡើង​បង្ក​មហន្តរាយ​ផ្ទះ​សម្បែង ​និង​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ។

ការ​ចេញ​បញ្ជា​​ឲ្យ​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន​ក្នុង​ពេល​នេះ​ ជា​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ដែល​តម្រូវឲ្យ​មានការ​អនុវត្ត​ទូទាំង​ប្រទេស​ពីព្រោះ​តែ​សព្វ​ជនជាតិ​វៀតណាម​ និង​ខ្មែរ​កាត់​ចិន​មក​រស់នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​គ្រប់​ខេត្ត​ទាំងអស់​និង​កាន់តែ​ច្រើន​ផង​ដែរ៕
ប៊ុន​សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114