ក្មេងប្រុស ស្រី ២នាក់ស៊ីឈ្នួល ដាំដំឡូងឲ្យអ្នកជិតខាងមេឃកំពុងភ្លៀងរកកន្លែងជ្រកមិនទាន់ត្រូវរន្ទះបាញ់ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខេត្តបន្ទាយមានជ័យ
BREAKING NEWS
Search

ក្មេងប្រុស ស្រី ២នាក់ស៊ីឈ្នួល ដាំដំឡូងឲ្យអ្នកជិតខាងមេឃកំពុងភ្លៀងរកកន្លែងជ្រកមិនទាន់ត្រូវរន្ទះបាញ់ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខេត្តបន្ទាយមានជ័យ

ក្មេង ប្រុសនិងស្រី ២នាក់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររន្ទះបាញ់នៅវេលាម៉ោង ៣ និង១៥នាទី រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើតចម្ងាយពីភូមិប្រមាណ២.១០០ម៉ែត្រ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះឡោម សុជាតិ ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិ បែកចានថ្មី ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ យិន ឈុនលី ភេទ ស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសធ្ងន់ ក្រោយពីកើតហេតុហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។ លោកអធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានទៅស៊ីឈ្នួល ដាំដំឡូងមីឲ្យអ្នកជិតខាងក្នុងភូមិ នៅពេលកំពុងតែដាំមេឃបានធ្លាក់ភ្លៀង ហើយជនរងគ្រោះបាននាំគ្នារត់រកកន្លែងជ្រកតែមិនទាន់ដល់កន្លែងជ្រកភ្លៀងផងក៏ត្រូវរន្ទះបាញ់ចំបណ្តាលឲ្យក្មេងប្រុសស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀត ជានារីនោះរងរបួសធ្ងន់ ។

ក្នុងនោះលោកបានធ្វើការអំពាវនាវទាក់ទងនឹងករណីរន្ទះបាញ់នេះដែរសូមបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមេឃជិតភ្លៀងត្រូវនាំគ្នារកទីកន្លែងមានសុវត្ថិភាព ព្រោះជារដូវវស្សា ពេលមេឃភ្លៀងមានផ្គររន្ទះសាហាវណាស់ ចំណែកសពក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ​គង្គា

ចុចអាន៖ ដើមពោធិ៍ដែលធ្លាប់ល្បីថា «មានព្រាយក្បាលប្រាំបី»ត្រូវបានរក្សាទុក នៅចំកណ្តាលផ្លូវ