BREAKING NEWS
Search

ស្លាប់​ក្មេង​ប្រុស​ម្នាក់​នៅខេត្តកណ្តាល​​ ​ដោយសារ​ដុតផាវ​លេង

ក្មេង​ប្រុស​ម្នាក់​​បាន​ស្លាប់​​​​ភ្លាម​ៗ​​ ដោយ​សារ​ដុត​ផាវ​លេង​​​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​២៥ ខែ​មករា ​ម្សិលមិញ​នេះ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០៖១៥ នាទី​ នៅ​​ភូមិ​ពោធិ​ក្រោម​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។​

តាម​ទំព័រ​ហ្វេស​បុក​ស្នង​ការ​នគរបាល​​ខេត្ត​កណ្តាល​​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ផាន់ណា ដារ៉ូ ភេទ​ប្រុស​អាយុ​០៨​ឆ្នាំ​ជន​ជាតិ​ខ្មែរ ​រស់​នៅ​ភូមិឃុំ​កើត​ហេតុ(ស្លាប់) ។​ នៅថ្ងៃទី២៥​ ខែ​មករា​ ឆ្នាំ​២០២០​វេលា​ម៉ោង​០៧.០០នាទី​ឪពុក​ជន​រងគ្រោះ​បាន​នាំ​កូន​ទៅ​លេង​ផ្ទះ​ឈ្មោះ ​ហួថារី (ត្រូវ​ជា​បង​)​ លុះ​ដល់​ម៉ោង​០៩.០០នាទី​​ ឪពុក​ជន​រងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​ទុក​កូន​នៅ​លេង​ផ្ទះ​ឈ្មោះ ​ហួថារី រហូត​ដល់​វេលា​ម៉ោង​១០.១៥នាទី​បាន​ឮ សំ​លេង​ផ្ទុះ ​ភ្លាម​នោះ​ឈ្មោះ​ហួ ថារី ក៏​រត់​ទៅ​មើល​ឃើញ​ក្មួយ​ដេក​នៅ​នឹង​ដី​មាន​ស្នាម​របួស​មុខ ​រួច​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ​ក៏​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ​។​

តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ បានជិះកង់​ទៅទិញ​ផាវ នៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់​ចូលក្នុងធុង​សាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើង​លើ​បុកនឹងដំបូលផ្ទះឈ្មោះហួថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី។ ក្រោយ​ពីពិនិត្យ​រួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕