ឪពុក​ក្មេង​ប្រុស ដែល​ស្លាប់​ដោយសារ​រថយន្ត​ប៉ូលិស​ដេញ​នៅ​ស្រុក​ភ្នំព្រឹក ទាមទារ​ឲ្យ​រក​យុត្តិធម៌​

​បាត់ដំបង ៖ មាន​ករណី​ហិង្សា​មួយ បាន​កើត​ឡើង​រវាង​ក្រុម​យុវវ័យ​ចំនួន​២​ក្រុម ដែល​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាទីបំផុត ដែល​ភាគី​ម្ខាង​មាន​គ្នា​តិច និង​ភាគី​ម្ខាង​ទៀត មាន​គ្នា​ច្រើន នៅ​ទីបំផុត​ភាគី​ដែល​មាន​គ្នា​តិច​បាន​រង​របួស​យ៉ាង​ដំណំ ដោយឡែក​ភាគី​ដែល​មាន​គ្នា​ច្រើន និង​មាន​ជ័យជំនះ​នោះ​គេ​មិនទាន់​ដឹង​ថា តើ​ជា​នរណា​ខ្លះ​នោះ​ទេ ដោយ​គេ​គ្រាន់តែ​ដឹង​ថា មាន​ក្មេង​ប្រុស​២​នាក់ ត្រូវ​បាន​រថយន្ត​របស់​ប៉ូលិស​ស្រុក​ភ្នំព្រឹក ដេញ​រហូត​បង្ក​ឲ្យ​មាន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស។​

​ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​នៅ​លើ​ជម្រាល​ខ្នងភ្នំ​ព្រឹក ដែល​ជា​តំបន់​ទេសភាព​ស្រស់បំព្រង​ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០ បើ​តាម​ការ​បង្ហោះ​ឃ្លី​ប​វីដេអូ​នៃ​ការ​ប្រយុទ្ធ​គ្នា​នោះ ពិតជា​សាហាវ​មែន បើ​ទោះ​បី​ជា​ភាគី​ដែល​ចាញ់ ស្រែក​ទ្រ​ហ៊ោ​យំ​យ៉ាងណាក៏ដោយ​ក៏​គេ​សង្កេត​ឃើញ​ថា ក្រុម​ភាគី​បង្ក នៅតែ​បន្ត​វាយ​ឥត​ដក​ដៃ​ឡើយ។​

​យោង​តាម​ការ​រៀប​រាប់​ពី​ឈ្មោះ នូ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ប្រាប់​អ៊ុំ​របស់​ខ្លួន​ថា ខ្លួន​ជា​អ្នក​ជិះ​ខាងក្រោយ ហើយ​អ្នក​កាន់ចង្កូត​ម៉ូតូ​ឈ្មោះ ទុយ ចាន់​ធីប ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា និង​មាន​ឪពុក​ជា​មន្ត្រី​យោធា​សឹក​រង ស្រុក​កំរៀង មានឈ្មោះ ប្លង់ ទុយ បាន​រៀប​ថា​នៅ​ល្ងាច​នោះ ខ្លួន​ត្រូវ​បាន​ឡ​ន​របស់​ប៉ូលិស​ដេញ​បំបុក​តែ​ម្តង បើ​ទោះ​បី​ជា​ខ្លួន​ខំប្រឹង​លើកដៃ​រាជ​សញ្ញា​ថា នឹង​ឈប់​ម៉ូតូ​ក៏ដោយ នៅ​ទី​បំផុត​រថយន្ត​ក៏បាន​បុក​ពីក្រោយ ធ្វើ​ឲ្យ​ផ្លោង​ទៅលើ​ដី របួស​ជើង​ទាំងសងខាង​ដោយឡែក​អ្នក​បើក​ម៉ូតូ បាន​រង​របួស​ផុង​លលាដ៍​ក្បាល និង​បាក់ឆ្អឹង​ដងកាំបិត ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​លោក ប្លង់ ទុយ បាន​និយាយ​ថា លោក​សុំ​ឲ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌​ផង​ព្រោះថា បើ​គ្មាន​ឡាន​ប៉ូលិស​ដេញ​ម្ល៉េះ​កូន​របស់​លោក​ក៏​មិន​ស្លាប់​ដែរ ដោយ​ហេតុផល គឺ​នរណា​ទាន់​អះអាង​ថា កូន​របស់​លោក​ពិតជា​អ្នកចូលរួម​ក្នុង​សកម្មភាព​វាយ​គ្នា​នៅ​លើ​ភ្នំព្រឹក​នោះ​ឡើយ ហើយ​បើ​ក្រៅពី​បើកឡាន​ដេញ​បុក តើ​ប៉ូលិស​គ្មាន​ជម្រើស​ផ្សេងទៀត​ទេ​មែន​ទេ ?

​ដោយឡែក​ចំពោះ​បញ្ហា​នេះ លោក សារ៉េត វិ​សេដ្ឋ អធិការ​នគរបាល ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​៩ នេះ​ថា វា​មិន​ពិត​ទេ​ដែល​លោក​បាន​ចោទ​ថា ឡាន​ប៉ូលិស​ជា​អ្នក​បង្ក និង​ជា​អ្នក​ដេញ​បុក​នោះ​ធាតុ​ពិត​ គឺ​កូន​របស់​គាត់​បើក​ម៉ូតូ​លឿន​ពក ពេល​ឃើញ​ប៉ូលិស ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ខ្លួនឯង​តែប៉ុណ្ណោះ​។​ បើ​ទោះ​បី​ជា​មានការ​បដិសេធ​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងណាក៏ដោយ ក៏​ឪពុក​ក្មេង​រង​គ្រោះ ដែល​កំពុង​ធ្វើ​បុណ្យ​សព​ឲ្យ​កូនប្រុស បាន​សំណូមពរ​ដល់​បណ្តា​អ្នកច្បាប់​ទាំងអស់ ធ្វើ​យ៉ាង​ណា​ដាក់​កម្លាំង​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​កន្លងមក​ក៏​មាន​ការ​បង្ក្រាប​បន​ល្បែង​ស៊ី​សង​មួយ​កន្លែង ហើយក៏​មាន​មនុស្ស​ស្លាប់​ដោយសារ​ឡាន​ប៉ូលិស​ស្រុក​ភ្នំព្រឹក​នេះ​ដែរ៕

អត្ថបទ៖ សោ និយម​រ័ត្ន​