ឆក់​កាបូប​លុយ​បាន​ជិត​៦​ពាន់​ដុល្លារ ​គេចខ្លួន​ជាង​៣​ខែ ​ត្រូវ​ជាប់អន្ទាក់​វិញ​ ដោយសារ​កាមេរ៉ា​សុវត្ថិភាព

ភ្នំពេញ​ ៖ ​​​ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​កំណត់​មុខសញ្ញា​បាន​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ក្រោយពី​ជនសង្ស័យ​រូបនោះ​ ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​របស់​ជនរងគ្រោះ​បាន​លុយ​ជិត ​៦ ០០០ ដុល្លារ ​ហើយ​ព្យាយាម​គេចខ្លួន​​​រយៈ​ពេល​ជាង​៣​ខែ​រួច​មក​នោះ។

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ​​​​ប្រតិបត្តិការ​ស្រាវជ្រាវ​ បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ប្រើ​អំពើ​ហិង្សា (​ជិះ​ម៉ូតូ​ឆក់​កាបូប​លុយ​) ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​មករា ​ឆ្នាំ​២០២០​ ក្រោយពី​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ​កាលពី​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ម៉ោង​១៤​និ​ង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ ​កែង​ផ្លូវ​លេខ​២៤០​ ភូមិ​ទី​៥ ​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អត្តសញ្ញាណ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ​ ឈ្មោះ ជួង សំអាត​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​ភូមិ​ចោមចៅ​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។ ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តូប​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GZ8112(​ជា​មធ្យោបាយ​រ​បស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​។​

ចំណែក​ជនរងគ្រោះ ​ឈ្មោះ ​ខូវ ធា​វី ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​វាលវង់ ​ឃុំ​កំពង់សៀម​ ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម​។​ រីឯ​សម្ភារៈ​បាត់បង់ មាន​កាបូបដៃ​មួយ​មាន​លុយ​ចំនួន​ ៥ ៧០០​ ដុល្លារ ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​.​ប័ណ្ណបើកបរ​មួយ ​និង​ឯកសារ​មួយ​ចំនួន​។​

សមត្ថ​បន្ត​ថា ​ដំណើររឿង​ហេតុ​នោះ​ គឺ​នៅ​មុនពេល​កើតហេតុ​ កាលពី​ថ្ងៃទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤​និង​៣០​នាទី ​ជនរងគ្រោះ ​ឈ្មោះ ​ខូវ ធា​វី ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ ​រួម​ជាមួយ​កូនស្រី​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ​ទិស​ខាងត្បូង​ទៅ​ទិស​ខាង​ជើង។ លុះ​មកដល់​ចំណុច​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​លេខ​២៤០​ សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ​ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០១​នាក់​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣៣​ឆ្នាំ ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ពី​ ពណ៌​ស​ មក​ពីក្រោយ ​ជិះ​អែប​ខាង​ស្តាំ ​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​ពី​ដៃ​ជនរងគ្រោះ​បាន​សម្រេច។ ​​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីកន្លែង​កើតហេតុ​ ហើយ​កំណត់​បាន​មុខសញ្ញា រហូតមកដល់​ថ្ងៃទី​២៣​ ខែ​មករា ​ឆ្នាំ​២០២០​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ទើប​ឈានដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ជួង សំអាត​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​រួមជាមួយ​វត្ថុតាង​ម៉ូតូ​ម៉ាក​ស្តូប​ពី​ពណ៌​ស​ ដែល​ជិះ​ធ្វើ​សកម្មភាព​នៅ​ចំណុច​មុខ​ស្ថានទូត​អូស្ត្រាលី​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន នាំយកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ធ្វើការ​សាកសួរ​។​

​ចំពោះមុខ ​កម្លាំង​ប៉ុស្តិ៍ ខណ្ឌ កំពុង​ប្រើ​វិធាន​ការ​ជំនាញ​សួរចម្លើយ​ស្រាវជ្រាវ​រក​បក្ខពួក ​និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក ហើយ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕


អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114