មន្ត្រី​ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​និស្សិត ​ងាក​មក​ចាប់អារម្មណ៍​សិក្សា​ទៅលើ​ជំនាញ​ស្រាវជ្រាវ​ជំងឺ​ឆ្លង

ភ្នំពេញ​ ៖​ មន្ត្រី​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​និស្សិត ​ងាក​មក​ចាប់អារម្មណ៍​សិក្សា​ទៅលើ​ជំនាញ​ស្រាវជ្រាវ​ជំងឺឆ្លង​ឲ្យ​បាន​ច្រើន​ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​ នៃ​ជំងឺ​ថ្មីៗ ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស ​និង​នៅលើ​ពិភពលោក​។​

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឲ្យ​ដឹងថា ​ការជំរុញ​ឲ្យ​និស្សិត​រៀន​ជំនាញ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​នេះ ​គឺ​ ដោយសារ​បច្ចុប្បន្ន​ ការស្រាវជ្រាវ​ជំងឺ​ផ្សេងៗ ​ក្នុង​វិស័យ​សុខា​ភិបាល​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​ ដែល​បញ្ហា​នេះ​ បណ្តាល​មកពី​កត្តា​កង្វះ​ថវិកា​ និង​ធនធាន​មនុស្ស​។​

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​មានប្រសាសន៍​បន្តថា ​នៅពេលដែល​និស្សិត​មានចំណេះដឹង​គ្រប់គ្រាន់​លើ​ជំនាញ​ស្រាវជ្រាវ​នេះ​ នឹង​ជួយ​ដល់​ក្រសួងសុខាភិបាល​ ក្នុងការ​រៀបចំ​ធ្វើជា​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​ផ្សេងៗ​សម្រាប់​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ​ សំដៅ​ការពារ​ និង​លើកកម្ពស់​សុខភាព​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោក​សាស្ត្រាចារ្យ​សូម​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​ដែល​បានបញ្ចប់​ការសិក្សា​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ ពិសេស​និស្សិត​រៀន​ចប់​បរិញ្ញាបត្រ ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល ​ឬ​រៀន​ចប់​ថ្នាក់​វេជ្ជបណ្ឌិត​សូម​ដាក់ពាក្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​ការ​បណ្តុះបណ្តាល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ការ​ស្រាវជ្រាវ​ទៅលើ​ជំងឺឆ្លង​នេះ។​

លោក​សាស្ត្រាចារ្យ​បាន​បន្ថែមទៀតថា​ ដោយ​មើលឃើញ​ពី​បញ្ហា​នេះហើយ ​ទើប​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សហការ​ជាមួយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​សាកលវិទ្យាល័យ​ប៉ារីស ស័ក​ក្លេរ​ប្រទេស​បារាំង​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំងឺឆ្លង​នេះ​ដែលជា​កម្មវិធីសិក្សា​ថ្មី​មួយ​ដែល​បង្កើត​ឡើងជា​លើកដំបូង​នៅ​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​សិក្សា​លើ​ជំនាញ​ស្រាវជ្រាវ​ជំងឺឆ្លង​នេះ​។

លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​នេះ​ គឺ​សិក្សា​រយៈពេល​២​ឆ្នាំ​ដែល​១​ឆ្នាំកន្លះ​សិក្សា​នៅ​កម្ពុជា​ និង ​៦​ខែ​ទៀត​ សិក្សា​នៅ​ប្រទេស​បារាំង ឬ​ប្រទេស​ផ្សេងៗ​ដោយ​សិក្សា​ទាក់ទិន​នឹង​ធាតុ​បង្ក​ជំងឺ​រោគរាតត្បាត ​និង​បាក់តេរី​ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​

លោក​សកលវិទ្យាធិការ បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ឆ្នាំ​ដំបូង​សាលា​ជ្រើសរើស​និស្សិត​ចូលរៀន​ចំនួន​១០​រូប​ប៉ុណ្ណោះ ​ក្នុងនោះ​មាន​និស្សិត​បរទេស​៥​រូប​, ២​រូប មកពី​ប្រទេស​បារាំង​, ២​រូប មកពី​ប្រទេស​ហ្គា​ណា និង​ ១​រូប​ទៀត​មកពី​ប្រទេស​ថៃ និង​៥​រូប​ទៀត​ ជា​និស្សិត​កម្ពុជា ​ហើយ​កម្មវិធីសិក្សា​នេះ បង្រៀន​ជា​ភាសា​អង់គ្លេស​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ដាក់​ឲ្យ​ដំណើរការ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំងឺឆ្លង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កាលពី​ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ សង្ឃឹមថា ​ការបង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំងឺឆ្លង​នេះ ​នឹង​ជួយ​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ផលិត​បាន​នូវ​ធនធានមនុស្ស​ថ្មីៗ​ ដែលមាន​ជំនាញ​កម្រិត​ខ្ពស់​លើ​ផ្នែក​ការងារ​ស្រាវជ្រាវ​លើ​ជំងឺឆ្លង​នេះ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត។​

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​សាកល​វិទ្យាល័យ Paris Saclay​ នៃ​សាធារណរដ្ឋ​បារាំង ពិសេស​លោកស្រី​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស លើ​ការងារ​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខាភិបាល និង​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​៕​

អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114