BREAKING NEWS
Search

ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ

អាជ្ញាធរខេត្ត​សៀមរាបបានហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ-លក់ ពិឃាដ​សត្វ​សុនខ ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្តី​ជូន​ដំណឹង​របស់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​បានបញ្ជាក់ថា តាំង​ដើម​រៀង​មក សត្វឆ្កែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ចាត់​ទុក​ជា​សត្វ​ចិញ្ចឹម​ដែល​មាន​ភាព​ស្មោះត្រង់ អាច​ជួយ​ការពារផ្ទះសម្បែង ចម្ការ​ ហ្វូងសត្វ និងជួយក្នុងការសកម្មភាពយោធាទៀតផង។

ក្នុងនោះអង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) និង​អង្គការ ហ្វរផរ (Four Paws) ក៏​បាន​គាំទ្រ​លើ​ចំណាត់​ការ​មួយ​នេះ និងបាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដាច់​ដោយ​ឡែក​មួយ​ទៀត ដល់​រាល់​អ្នក​ប្រកបរបរ​ពាក់ព័ន្ធ​សាច់ឆ្កែ​ទាំង​អស់​នៅ​ក្នុង​ស្រុក។

អង្គការ FOUR PAWS បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ ២០១៨ តាម​រយៈ​ការ​តស៊ូ​មតិ ដើម្បី​ហាមឃាត់​ការ​ជួញ​ដូរ​សាច់​សត្វ​ឆ្កែ ដោយសារតែ​ហានិភ័យ​សុខភាព​សាធារណៈ ភាគច្រើន​បណ្ដាល​មកពី​ជំងឺ​ឆ្កែឆ្កួត និង​ការ​រីក​រាលដាល​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ FOUR PAWS សត្វ​ឆ្កែ​នៅ​រស់​មាន​តម្លៃ​ចាប់​ពី ២ ទៅ ៣ ដុល្លារ ក្នុង​១ គីឡូ ខណៈ​សាច់ឆៅ ១ គីឡូ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់ពី ៤ដុល្លារ ដោយ​អ្នក​បរិភោគ​ភាគ​ច្រើន​ជា​បុរស មាន​ទំនោរ​ក្នុង​ការ​ហូប​សាច់​ឆ្កែ​ក្លែម​គ្រឿង​ស្រវឹង។ ប៉ុន្តែ​ស្ត្រី​ដែល​បរិភោគ​សាច់​ឆ្កែ ដោយសារ​តែ​គេ​ជឿ​ថា ជា​ថ្នាំ​ព្យាបាល​ជំងឺ។

​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ថា សត្វ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​មាន​ប្រូតេអ៊ីន និង​វីតាមីន​ប្រហាក់ប្រហែល​គ្នា ហើយ​ចំពោះ​សត្វ​ឆ្កែ​វិញ​ដែល​គេ​យល់​ថា ហូប​ទៅ​ជួយ​ប៉ូវ និង​ជា​ថ្នាំ​ជួយ​ព្យាបាល​ជំងឺ​នោះ គឺ​មិនត្រឹមត្រូវទេ។ ផ្ទុយទៅវិញ ពេល​ហូប​សាច់ឆ្កែ​ទៅ​អាច​នាំឲ្យ​ឆ្លង​មេរោគ​ ព្រោះ​ការ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ឆ្កែ​មាន​ជំងឺ។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ សុខ ពិសី សង្គ្រោះ​ជីវិត​សត្វ​សុនខ​ជាច្រើន​ក្បាល​ ក្រោយ​ឈ្មួញ​ទិញ​បម្រុង​យក​ទៅ​សម្លាប់

សូមចុចអាន៖ អ្នក​ស្រលាញ់​សត្វ​សុនខ (ឆ្កែ) ទទួលបាន​​ដំណឹង​ល្អ មន្ទីរ​កសិកម្ម ហាម​ធ្វើ​អាជីវកម្ម ទិញ លក់ ពិឃាដ​សត្វ​សុនខ​ជា​អាហារ