សត្វឆ្កែច្រើន​ក្បាល​កំពុងត្រូវបានបង្ហាត់ដើម្បីហិតក្លិនរកវីរុស COVID-19

អង្គការសប្បុរសធម៌អង់គ្លេសមួយបានសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រដើម្បីពិនិត្យមើលថាតើសត្វឆ្កែអាចជួយរកវីរុស COVID-19 តាមរយៈឃានវិញ្ញាណរបស់ពួកគេបានដែរឬទេ។

អង្គការ Medical Detection Dogs នឹងធ្វើការជាមួយសាលាអនាម័យនិងវេជ្ជសាស្រ្តត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) និងសាកលវិទ្យាល័យ Durham នៅភាគឦសានប្រទេសអង់គ្លេសដើម្បីកំណត់ថាតើសត្វឆ្កែអាចជួយដល់ការធ្វើរោគវិនិច្ឆ័យបានដែរឬក៏អត់។

រឿងនេះបានកើតឡើងបន្ទាប់ពីមានការស្រាវជ្រាវលើកមុនលើសមត្ថភាពរបស់សត្វឆ្កែក្នុងការហិតក្លិនរកជំងឺគ្រុនចាញ់និងផ្អែកលើជំនឿដែលថា ជំងឺនីមួយៗគឺបង្កឲ្យមានក្លិនខុសៗគ្នា។

អង្គភាពទាំងនេះបាននិយាយថា ពួកគេបានចាប់ផ្តើមការរៀបចំបង្វឹកសត្វឆ្កែក្នុងរយៈពេល៦សប្តាហ៍ទៀតដើម្បីជួយផ្តល់ការធ្វើរោគវិនិច្ឆ័យឆាប់រហ័សឆ្ពោះទៅរកការបញ្ចប់នៃជំងឺរាតត្បាតនេះ។

អង្គការសប្បុរសធម៌នេះពីមុនបានបង្ហាត់សត្វឆ្កែដើម្បីរកមើលជំងឺនានាដូចជាជំងឺមហារីក ជំងឺញ័រសរសៃរសាច់ដុំ (Parkinson) និងបាក់តេរីដោយការហិតសំណាកដែលយកពីអ្នកជំងឺ។

សត្វឆ្កែក៏អាចរកឃើញការប្រែប្រួលសីតុណ្ហភាពនៅក្នុងស្បែកផងដែរដែលជាហេតុធ្វើឲ្យពួកវាមានប្រយោជន៍ក្នុងការកំណត់ថាតើមនុស្សម្នាក់មានគ្រុនក្តៅដែរឬក៏អត់។

លោកស្រី Claire Guest ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Medical Detection Dogs បាននិយាយថា “ជាគោលការណ៍ យើងប្រាកដណាស់ថា សត្វឆ្កែអាចរកឃើញ COVID-19”។

លោកស្រីបន្តថា “គោលបំណងគឺថា សត្វឆ្កែនឹងអាចពិនិត្យអ្នកណាម្នាក់រួមទាំងអ្នកដែលមានរោគសញ្ញាផងដែរហើយប្រាប់យើងថា តើពួកគេត្រូវការការធ្វើតេស្តដែរឬក៏អត់”។

ស្របពេលជាមួយគ្នានោះ ប្រធានផ្នែកគ្រប់គ្រងជំងឺនៅ LSHTM បាននិយាយថា សត្វឆ្កែអាចរកឃើញជំងឺគ្រុនចាញ់ជាមួយភាពត្រឹមត្រូវខ្ពស់ហើយនៅពេលដែលជំងឺផ្លូវដង្ហើមផ្សេងទៀតបានផ្លាស់ប្តូរក្លិនខ្លួន វាមានឱកាសខ្ពស់ណាស់ដែលថា វាក៏អាចធ្វើការជាមួយ COVID-19 បានផងដែរ។

លោក Steve Lindsay មកពីសាកលវិទ្យាល័យ Durham បានឲ្យដឹងថា សត្វឆ្កែរកជំងឺអាចត្រូវបានដាក់ពង្រាយនៅតាមព្រលានយន្តហោះនៅពេលបញ្ចប់ជំងឺរាតត្បាតនេះដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលមានផ្ទុកវីរុសឲ្យបានឆាប់រហ័សដោយជួយការពារការកើតមានឡើងវិញនៃជំងឺនេះ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ