តម្រា ដាក់លក់សៀវភៅចំនួន​តិចបំផុត តែក៏មោទនភាពក្នុងការចូលរួមពិព័រណជាតិ​

អ្នកបោះពុម្ពសៀវភៅ ក្មេងខ្ចីជាងគេក្នុងប្រទេសកម្ពុជា ដែលទើបនឹង​ចាប់ផ្តើម​កាលពីខែ​មេសាឆ្ន្នាំ២០១៩​ និយាយ​នៅព្រឹកនេះថា​ ក្រុមគេ​មានសៀវភៅ​តែ៦ចំណងជើង ហើយ​មួយចំណង​ជើង មានពី​​ប្រមាណជា​១០០ក្បាល ទៅ១៤០ក្បាលតែប៉ុណ្ណោះ ដើម្បីចូលរួមតំាំងលក់ ។

លោក ជីព ចិត្ត ​ស្ថាបនិកតម្រា ដែលទទួល​ខុសត្រូ​វផ្នែក​ពិព័រណសៀវភៅឆ្នាំនេះ​បានមានប្រសាសន៍​ថា សៀវភៅទំាង៦ចំណងជើង​មាន​តែ១​ប៉ុណ្ណោះ ​ដែលទើបនឹង​ចេញ​គឺ ប្រលោមលោក​ ភ្នំពេញអើយបងនឹកអូន ដែលសល់ស្តុកប្រមាណ ១២០០ក្បាល ក្នុងចំណោម​ការបោះ​ដំបូង​៣០០០ពាន់ក្បាល បោះពុម្ពកាលពី​ថ្ងៃទី​២៥ខែវិច្ឆិកា។

ចំណែក​រឿង​ អាគមបរព្រៃ​ និងបឹងអាតីតបូកចូលគ្នា ​ស្តុកប្រមាណជា​២៥០ក្បាល ពេលវេលា​មានសល់ប្រហាក់ប្រហែល​១០០ក្បាល  និង​ស្ទូឌីយោលេខ៧​ជាង​១០០ក្បាល។

រឿងថ្មីចុងក្រោយ​ដែលជាស្នាដៃ​របស់ជយលាភីលេខបួន​ពានរង្វាន់ឥន្ទ្រទេវីឆ្នាំនេះ​គឺលោក​ជាតុងហៃ មានចំណងជើង​ថា ទឹកភ្នែកគជ់ខ្យង​ត្រូវបាន បោះពុម្ព ក្នុងសប្តាហ៍នេះ និងចេញផ្សាយ​ក្នុងថ្ងៃទីបីនៃកម្មវិធីពិព៌រណ គឹថ្ងៃអាទិត្យ​ទី១៥​សប្តាហ៍នេះនៅបណ្ណាល័យជាតិ។

រឹតតែ​ពិសេស​គឺ លោក នូ​​ឧសភា​ដែលបានដើរតួជា តួអង្គឯករ៉េណា​ក្នងក្របមុខនៃប្រលោមលោកដ៏ល្បីនេះ នឹង​មកជួបអ្នកគាំទ្រ​រួមជាមួយ​អ្នកនិពន្ធ​លី សុផាត​នៅថ្ងៃទីពីរ​គឺថ្ងៃទី១៤ ហើយ​លោក​ឆោម​សុពៅ និង​ អ្នកនិពន្ធល្បីនៃទសប៉ាកា​ស៊ុយ លីនប៉ាវ ជួបអ្នកគំាទ្រនៅថ្ងៃដំបូងបង្អស់គឺស្អែកនេះ។

ស្តង់របស់ តម្រា​គឺស្តង់លេខ៥២ តែប្រិយមិត្ត​ក៏អាច​រកទិញសៀវភៅ​របស់ក្រុមតម្រានៅ​តូបនានា​ក្នុងទីតាំង​ពិព័រណបានដូចគ្នា គឺ​ហាង GreyUnivers រីការីកា និង​បណ្ណាល័យបញ្ញាវន្ត។ល។