អានអត្ថបទនេះ អ្នកលែងចង់ស្លាប់ លែង​ Depressទៀតហើយ!

ប្រសិនបើអ្នកកំពុង​តែគ្មានគោលដៅ និងមិនមានចាប់អារម្មណ៍​ចង់​ក្នុងការក្រោកមកឃើញថ្ងៃនិមួយៗសារជាថ្មីសោះ គ្រប់យ៉ាង​ធ្វើដោយគ្មាន​អារម្មណ៍​ឬបង្ខំចិត្ត​សូម្បីតែញញឹម​ឬញាំ​អាហារ សាកល្បងសម្លឹង​រូបទំាងនេះ​និងអត្ថន័យ​ពីក្រោមវានោះផង។

ជាតិ​ផ្តល់កំណើត​មកឱ្យយើង មិនមែន​ដើម្បីឱ្យ​យើងស្លាប់ទៅវិញ ទំាង​គ្មានបាន​​បន្សល់អ្វីលើផែនដីនោះទេ។ ក្រៅពីស្នេហា កេរ្ត៍ឈ្មោះ និង​ទ្រព្យសម្បត្តិ មានវត្ថុមានតម្លៃ​ច្រើនទៀត​ដែលរង់ចាំយើងទៅធ្វើមុនពេលដែលអាចស្លាប់បិទភ្នែក​ជិតមួយ​ ជួយ​ខ្លួនឯងចេញពី​ភាពអស់សង្ឃឹម តាមរយៈការជួយអ្នកដទៃ អ្នកដទៃ​បានល្អដោយសារ​យើង យើងនឹង​បានសុខផ្លូវសប្បាយចិត្ត​ ។ ជួយជាតិ ព្រោះជាតិត្រូវការ​យើង។ យ៉ាងហោចណាស់ ក៏​យើងអាចបង្រៀនកុមារ​ក្រៅក្រ​ទុរគត​១០នាក់ឱ្យ​ចេះ​សរសេរឈ្មោះពួកគេ ចេះ​អានលេខ ចេះ​បូកលេខផ្ញើរលុយ​ទៅម៉ែ​ពេលពួកគេ​ចេញទៅធ្វើការ​នៅឆ្ងាយដែរ​។ មនុស្ស​ច្រើនណាស់ គ្មានឱកាស​ចេះអ្វី​ជាច្រើន​ដែលអ្នកកំពុងចេះ! បង្រៀនគេទៅ​បើយល់ថាខ្លួនឯងអត់ប្រយោជន៍ណាស់។

អាខ្មោច! ឯងបិទភ្នែក​យើងមិនឱ្យឃើញ បិទត្រចៀកយើងមិនឱ្យស្តាប់​ ចាប់ដៃយើងមិនឱ្យ​ធ្វើការ សង្កត់យើងមិនឱ្យក្រោក តែបេះដូង​យើងនៅតែមានកម្តៅ វាដឹងថា ឯងជាខ្មោច យើងជាមនុស្ស ឯងមិនអាចឈ្នះយើងទេ។ គ្មាន​យប់ណា​វែងជាងមួយរាត្រីឡើយ ក្រោយងងឹតនឹងមានពន្លឺ។ ដួលថ្ងៃនេះ​ក្រោក​ថ្ងៃស្អែក ជីវិត​ជាការ​ដួលងើប ក្រោកឡើងមកហើយ​វាយទៀត កុំចុះចាញ់!

ពេលខ្លះ យើងបានបាត់បង់មួយប៉ព្រិចភ្នែកនូវគ្រប់យ៉ាងដែលធ្លាប់តែស្រស់បំព្រង។ ពេលខ្លះ​យើងគិតថា​លោកនេះ​កំពុង​តែជាន់យើងម្តងហើយ​ម្តងទៀត​ធ្វើឱ្យយើង​លែងចង់បើកភ្នែកឃើញមនុស្ស​គ្រប់គ្នា។ អូខេណា៎ ទៅស្លាប់បាន តែកុំទាន់ទៅឥឡូវណា! នៅបន្តិចសិន មាន​គេច្រើនណាស់ ដែល​គ្មាន​ឱកាស​ហើយ​ត្រូវការ​យើងជួយ​ពួកគេ​សិនណា ជួយពួកគេនូវអ្វី​ដែលយើង​អាចជួ​យបាន​សិន ហើយ​សឹមស្លាប់បានទេ?