សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ ចុះ​កាយ​ទីតាំង​ចាក់​ដី និង​ដាក់​លូ ខុស​បច្ចេកទេស​ចំនួន​៤​កន្លែង នៅ​សង្កាត់​ពញា​ពន់

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​​មករា​នេះ លោក ជា ខេ​ម៉ា អភិបាលរងខណ្ឌ​ព្រែក​ព្នៅ​បាន ដឹកនាំ​កម្លាំង​ចម្រុះ​របស់​ខណ្ឌ ដាក់​គ្រឿងចក្រ​ចុះ​កាយ​ដី​ដែល​បាន​ចាក់​លើ​ប្រឡាយ​ស្រះ​លួង ដែលជា​ស្រះ​បុរាណ និង​ប្រឡាយ​កងទ័ព ចំនួន​៤​កន្លែង និង ដាក់លូ​ខុស​លក្ខណៈ​បច្ចេកទេស​បិទ​ច្រក​ផ្លូវ​លំហូរ​ទឹក នៅ​ភូមិ​ស្រែ​ដូន​តូច​ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​។​

លោក ខុន វាសនា ប្រធានការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ នេះ​ បាន​ឲ្យ​ដឹងថា ​ដោយសារ​ការ​ចាក់ដី​ទប់ និង​ដាក់លូ​កាត់​ប្រឡាយ​ស្រះ​លួង​ខុស​បច្ចេកទេស កន្លង​មក មានការ​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងលើ ហើយ​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពេលនោះ​សមត្ថកិច្ច​ខណ្ឌ​បាន​ចុះ​ទាំងយប់​មក​ពិនិត្យ​ទីតាំង​លិច​ទឹក​នោះ​។​ ឥឡូវនេះ​ ប្រឡាយ​ស្រះ​លួង​មាន​ច្រក​ផ្លូវ​៣ ដែល​គេ​បាន​ចាក់ដី​កាត់​ប្រឡាយ​ដើម្បី​ធ្វើ​ផ្លូវ ដោយ​ដាក់​លូ​ខុស​បច្ចេកទេស ក្នុង​ទំហំ​មុខកាត់​៦​តឹក ដែល​មិន​អាច​ឲ្យ​ទឹក​នៅ​តំបន់​នេះ​ហូរ​ទាន់ ព្រោះ​ប្រឡាយ​លួង​នោះ​ជា​ប្រឡាយ​ពី​បុរាណ មាន​វិសាលភាព​ធំ​ទូលាយ ជា​ផ្លូវ​លំហូរ​រំដោះ​ទឹក មាន​កម្លាំង​ខ្លាំង​ដែល​ធ្លាក់​ពី​ភ្នំ​បាសិត និង​ពី​ស្រុក​អង្គស្នួល ​ខេត្ត​កណ្ដាល ទៅកាន់​តំបន់​ទំនាប​ក្នុងស្រុក​ពញាឮ​។​

លោក​បាន​បញ្ជាក់ថា ម្ចាស់​ដែល​បាន​ចាក់ដី​កាត់​ប្រឡាយ​ស្រះ​លួង​នេះ​ទាំង​៣​ទីតាំង និង​ប្រឡាយ​កង​ទ័ព​១​ទីតាំង​ផង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ចុះ​ធ្វើ​កំណត់ហេតុ និង​ណែនាំ​ពួកគាត់​ម្ដង​រួចមកហើយ។ បន្ទាប់មក លោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ បាន​ចុះ​ណែនាំ​ដោយ​ផ្ទាល់​ទៀត ឲ្យ​គាត់​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋបាល​ខណ្ឌ​ ដើម្បី​ខណ្ឌ​ដាក់​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​ស្ថានភាព​ក្នុង​ការ​ដាក់​ប្រព័ន្ធ​លូ​ ឬ​ធ្វើ​ស្ពាន​ឲ្យ​បាន​សមស្រប ដើម្បី​ឲ្យ​ទឹក​ហូរ​បាន​លឿន មិន​រាំងស្ទះ​បង្ក​ភាព​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងលើ​។

ប៉ុន្តែ​នៅ​ចុងក្រោយ​នេះ រដ្ឋបាល​ខណ្ឌ ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ទាំង​៤ ដែលមាន​ម្ចាស់​ ឈ្មោះ​ឡា យូ ឈ្មោះ ប៊ុត ថុល ឈ្មោះ អែម សុរា​ស្យា ឲ្យ​មក​សុំ​ច្បាប់ទម្លាប់ ដោយ​ទុក​រយៈពេល​៧​ថ្ងៃ ប៉ុន្តែ​ពួកគាត់​មិន​ព្រម​អនុវត្តតាម ទើប​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដាក់​កម្លាំង ​និង​គ្រឿងចក្រ​ចុះ​កាយ​តែម្ដង​។

លោក ខុន​ វាសនា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​ចង់​ឲ្យ​ម្ចាស់​ទីតាំង​ចាក់ដី​ និង​ដាក់​លូ​ខាងលើ​ចេញមុខ ដើម្បី​សមត្ថកិច្ច​ធ្វើការ​ណែនាំ​ឲ្យ​គាត់​អនុវត្ត​ការសាងសង់​ឲ្យ​ត្រូវ​ទៅតាម​វិធាន​បច្ចេកទេស តែ​គេ​ពុំ​ឃើញ​មាន​សាមី​ទីតាំង​ទាំងនោះ​ចេញមុខ​ឡើយ ទីបំផុត​អាជ្ញាធរ អនុវត្ត​វិធានការ​របស់ខ្លួន​ទៅដោយ​រលូន ដោយ​បាន​កាយ​បើក​​​ច្រក​ទឹក​យ៉ាង​ជ្រៅ ក្នុង​ទំហំ​១០​ម៉ែត្រ​៕


អត្ថបទ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114