ទៅ​តាម​ឪពុក​ កាប់​ដើម​ឫស្សី​ក្រោយ​ផ្ទះ រអិល​ចូល​ទឹក​ស្លាប់​លង់​ស្លាប់​ម្នាក់

កំពង់ចាម​ ៖ ​សព​កុមារា​ម្នាក់ ​ត្រូវបាន​សាច់ញាតិ​ស្រង់​ចេញពី​ក្នុង​ទឹកស្រះ បន្ទាប់ពី​កុមារា​រងគ្រោះ​រអិល​ធ្លាក់​ទឹកស្រះ។

ប៉ូលិស​ បាន​ឲ្យដឹង​ថា​ នៅ​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​អុង បានទទួល​ព័ត៌មាន​ពី​លោក​មេភូមិ​ទួល​ប៉ែន ថាៈ​ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់ នៅ​ចំណុច​ស្រះ​ខាងក្រោយ​ផ្ទះ​ឈ្មោះ ថា បូ​រេ​ន ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ទួល​ប៉ែន ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។

ប្រភព​ដដែល​ បាន​បន្តថា ​ជនរងគ្រោះ​ឈ្មោះ ណា វីន ភេទ​ប្រុស អាយុ​០៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ទួល​ប៉ែន ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យដឹងថា ​នៅ​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​៣០​នាទី ឈ្មោះ ណា វីន ភេទ​ប្រុស អាយុ​០៣​ឆ្នាំ និង​ឈ្មោះ​បាន ចាន់​ដា ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ត្រូវជា​បងជីដូនមួយ បាន​ដើរ​ចេញ​ពីផ្ទះ​ទៅ​រក​ឪពុក​ដែល​កាប់​ដើម​​ឫស្សី​ខាងក្រោយ​ផ្ទះ ​និង​ដើរ​ទៅលេង​ទឹកស្រះ​ ហើយក៏​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ​ជម្រៅ​១.៥០​ម៉ែត្រ បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់ ចំណែក​ឈ្មោះ បាន ចាន់​ដា ភេទ​ប្រុស អាយុ​០៥​ឆ្នាំ​ពេល​ធ្លាក់​ចូលក្នុង​ទឹកស្រះ​បាន​ស្រវា​មែក​ឫ​ស្សី​ជាប់​មិន​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទេ។

ប្រភព​ដដែល​ បាន​បន្តថា​ លុះដល់​ថ្ងៃ​ដដែល វេលា​ម៉ោង ១២​និង ៣០ នាទី ទើប​ក្រុមគ្រួសារ​និង​ប្រពល​រដ្ឋ បាន​រាវរក​នៅ​ក្នុង​ទឹកស្រះ ហើយ​ប្រទះឃើញ​សាកសព ឈ្មោះ ណា វីន ក៏​យកមក​ផ្ទះ​តែម្តង​។​

ប៉ូលិស​បាន​បញ្ជាក់ថា​ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​តា​អុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​អុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរង​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌ ចុះ​ដល់​កន្លែង​កើតហេតុ តែ​សព​ឈ្មោះ ណា វីន ត្រូវបាន​ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ លើក​មក​តម្កល់​នៅផ្ទះ។ សមត្ថកិច្ច ​បាន​បង្កើត​គណៈកម្មការ​​​ត្រួតពិនិត្យ​សាកសព មានការ​ចូលរួម​ពី ប្រធាន​មណ្ឌល​សុខភាព មេភូមិ មេឃុំ។

ផ្អែក​តាម​ការធ្វើ​កោសល្យវិច័យ​ពិនិត្យ​សាកសពៈ.​ផ្នែក​ក្បាលៈ ផ្នែក កៈ ផ្នែក​ដងខ្លួនៈ ផ្នែក​អវយវៈ ពុំមាន​ស្លាកស្នាម​អ្វី​។​

ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅតាម​ឪពុក​កាប់​ឫ​ស្សី​ក្នុង​ទឹកស្រះ ​ហើយក៏​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង។

ផ្អែក​តាម​ការ​ធ្វើ​កោសល្យវិច័យ និង​តាម​ការបំភ្លឺ​របស់​គ្រួសារ​សព និង​សាក្សី សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​សព​ឈ្មោះ ណា វីន ពិតជា​លង់ ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ពុំមាន​ពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

សមត្ថកិច្ច ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114