ធ្លាប់ទេ សុបិន​ឃើញ​នរណា​ម្នាក់​ ជឿថា​ដោយសារ​តែ​ពួកគេនឹក​យើង​?

នៅ​ពេល​យើង​បាន​សុបិន​ឃើញ​មនុស្ស​ណា​ម្នាក់​ ហើយ​ស្រាប់​តែ​ភ្ញាក់​ភ្លាមៗ ​យើង​នឹង​គិត​ពី​មូលហេតុ​របស់​វា​មិនខាន។ ។
នេះ​គឺ​ជា​ហេតុផល​ខុសគ្នា​មួយ​ចំនួន​ ដែល​បាន​អាច​បកស្រាយ​ពី​សុបិន​ ដែល​យើង​តែង​យល់​ច្រឡំ​ចំពោះ​អត្ថន័យ​របស់​វា៖

១. គិត​ថា​ពួកគេ​កំពុង​គិត​អំពី​អ្នក​ពិតមែន

មនុស្ស​ជា​ច្រើន​ជឿ​ថា ​នៅ​ពេល​ខ្លួនឯង​សុបិន​ឃើញ​នរណា​ម្នាក់​ នោះ​នឹង​មាន​ន័យ​ថា​ គេ​កំពុង​តែ​គិត​អំពី​យើង​ដែរ។ ទោះ​យ៉ាងណា​ក៏​ដោយ ​វា​មិន​មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​ណាមួយ​ ដើម្បី​គាំទ្រ​អំណះអំណាង​នេះ​ទេ។

សូម​ចងចាំ​ក្នុង​ចិត្ត​ថា ​វា​គ្រាន់​តែ​ជា​សុបិន ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​ គ្រប់​សុបិន​របស់​អ្នក​បាន​ឃើញ​ គឺ​ពិត​ទាំងអស់​ឡើយ។ តាមពិត​មាន​ករណី​ជា​ច្រើន ​ដែល​យើង​បាន​សុបិន​ឃើញ​នរណា​ម្នាក់​ អាច​មក​ពី​យើង​ខ្លួន​ឯង ​កំពុង​តែ​គិត​អំពី​អ្នក​ទាំងនោះ​ តែ​ប៉ុណ្ណោះ។

២. ឃើញ​ពួកគេ​ញឹកញាប់

ក្ដី​សុបិន​ជា​ធម្មតា​ គ្រាន់​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំថ្ងៃ​ និង​គំនិត​របស់​យើង​ដែល​បាន​កើត​ឡើង​ ឬ​កន្លែង​ មនុស្ស​និង​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ។ ប្រសិនបើ​អ្នក​មាន​ទំនោរ​ចង់​ឃើញ​មនុស្ស​នៅ​ក្នុង​សុបិន​របស់​អ្នក ​ជា​រៀងរាល់ថ្ងៃ ​ពួកគេ​អាច​នឹង​លេចឡើង​ដោយ​គ្មាន​ហេតុផល​ទាល់​តែ​សោះ។ នេះ​មក​ពី​អារម្មណ៍​ដែល​អ្នក​តែង​នឹកនា​ ចង់​ជួប​តែ​ប៉ុណ្ណោះ!

៣. ពួកគេ​អាច​តំណាង​ឱ្យ​អារម្មណ៍

នៅ​ពេល​អ្នក​សុបិន​ពី​មនុស្ស​ណា​ម្នាក់​ជា​ពិសេស​ វា​អាច​ថា​ពួកគេ​គឺ​ជា​តំណាង​ឱ្យ​អារម្មណ៍​ដែល​អ្នក​មាន ​ឬ​សេសសល់។ អ្វី​ដែល​ត្រូវ​ដឹង ​គឺ​ពិនិត្យ​មើល​ចំពោះ​មនុស្ស​ក្នុង​សុបិន​របស់​អ្នក។

ឧទាហរណ៍​ បើ​អ្នក​សុបិន​ពី​អតីត​មិត្ត​ប្រុស ​ដែល​អ្នក​ស្អប់ខ្ពើម​ នោះ​អ្នក​ប្រហែល​ជា​កំពុង​មាន​កំហឹង​ខ្លះ​នៅ​ក្នុង​ជីវិត។

៤. ពួកគេ​អាច​តំណាង​ឱ្យ​ការ​ចង់បាន

មនុស្ស​ពិសេស​ណា​ម្នាក់​ដែល​អ្នក​កំពុង​សុបិន ​អាច​ជា​តំណាង​នៃ​សេចក្ដី​ចង់​បាន ​ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក។

ឧទាហរណ៍ ​ឃើញអតីត​មិត្ត​ប្រុស​ ហើយអ្នក​ទាំងពីរ​បាន​បញ្ចប់​ដោយ​មិន​មាន​ជម្លោះ​នឹង​គ្នា។ ប្រសិន​បើ​អ្នក​បញ្ចប់​ក្ដី​សុបិន​ពី​គាត់ ​វា​មិន​មាន​ន័យ​ថា ​អ្នក​ចង់​នៅ​ជាមួយ​គាត់​ម្ដង​ទៀត​ទេ។ វា​អាច​មាន​ន័យ​ថា​ ​អ្នក​គ្រាន់​តែ​នឹក​ក្ដី​ស្រលាញ់​ពី​មុន​ តែ​មិន​មែន​ជា​ក្ដី​ស្រលាញ់​ដូច​កាល​ពី​ដំបូង​ឡើយ។

នៅ​ចុង​បញ្ចប់​អត្ថបទ​នេះ ​ប្រសិន​បើ​អ្នក​ឆ្ងល់​ថា ​តើ​សុបិន​ពី​មនុស្ស​ណា​ម្នាក់​ មាន​ន័យ​ថា​ពួកគេ​កំពុង​គិត​អំពី​អ្នក​នោះ​ចម្លើយ ​​គឺមិន​ប្រាកដ​ឡើយ។

អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ឱ្យ​បាន​ល្អិតល្អន់​ក្នុង​សុបិន​មួយ​នោះ​ មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត​ថា ​តើ​សុបិន​នោះ​មាន​ន័យ​យ៉ាងម៉េច៕

ចុចអាន៖អត្ថន័យ​ក្នុង​សុបិន ​៦យ៉ាង​បញ្ជាក់​ហេតុការណ៍​ក្នុង​ជីវិត​ពិត​ ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ

ចុចអាន៖ក្រវិលពេជ្រ​ សុបិនដ៏កម្រដែលបង្ហាញពីភព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ