តូច​ចិត្ត​ប្រពន្ធ​រត់ចោល​គិតតែ​ពី​ផឹក​ស្រា​រហូតដល់​ស្លាប់​ខ្លួន

ភ្នំ​ពេ​ញ ៖ ​គេ​ធ្លាប់តែ​ឃើញ​មនុស្ស​ស្រី​ដែល​តែង​គិត​ខ្លី​ពេល​ដែល​ខ្លួន​បែកបាក់​គ្រួសារ។ ប៉ុន្តែ​ចម្លែក​បុរស​ម្នាក់​នេះ ​បែរ​ជា​តូច​ចិត្ត​នឹង​ប្រពន្ធ​ ចុះ​ចោល​បន្សល់ទុក​កូនប្រុស​ឲ្យ​រស់នៅ​ជាមួយ​ ហើយ​ខ្លួន​គិតតែ​ពី​ផឹក​លែង​ស្គាល់​បាយទឹក​រហូតដល់​ខ្យល់គរ​ដេក​ស្លាប់​ដោយ​ពុំ​មាន​បងប្អូន ឬ​មិត្ត​ភក្ដិ​ជួយសង្គ្រោះ​បាន​ឡើយ​។

រឿងរ៉ាវ​នេះ ​គឺ​កើតឡើង​ទៅលើ​បុរស​ម្នាក់​ឈ្មោះ​ នា ឡា អាយុ​៣០​ឆ្នាំ ​មុខរបរ​ជាង​ចាក់​ពុម្ព​លូ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ចាក់​ពុម្ព​លូ​មាន​ទីតាំង​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពន់​២​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មករា។ សមត្ថកិច្ច​បន្ត​ថា​ ជន​រងគ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​ខ្យល់គរ​ព្រោះ​នៅ​លើ​ខ្លួនប្រាណ​របស់​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ។

​អ្នក​រួម​ការងារ​ជាមួយ​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ចាប់​តាំងពី​ប្រពន្ធ​ចុះ​ចោល​មក​ជន​រងគ្រោះ​រ​ស់​នៅ​ជាមួយ​កូនប្រុស​តូច​យ៉ាង​កណ្ដោចកណ្ដែង​​ ​ហើយ​រាល់ថ្ងៃ​គេ​មិន​ឃើញ​ជនរងគ្រោះ​ហូបបាយ​ទឹក​ទេ​គឺ​គិតតែ​ពី​ផឹក​រហូតដល់​ខ្យល់គរ​ស្លាប់​បែបនេះ​៕

អត្ថបទ៖ ​ន​រា​