ផ្ទុះ​អាវុធ​២​គ្រាប់​ ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ ជាមួយ​ថ្នាំញៀន​ជិត​៦​គីឡូក្រាម

បាត់ដំបង​ ៖​ ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ ទើប​ចេញពី​ពន្ធនាគារ​រយៈពេល​៦​ខែ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង តាម​ប្រមាញ់​រហូត​ផ្ទុះ​អាវុធ​ចំនួន​២​គ្រាប់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន ​ដោយ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំញៀន​ជិត​៦​គីឡូក្រាម។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹក​នាំ​ដោយ​លោក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់​ដំបង់ ខណៈ​ករណី​ផ្ទុះ​អាវុធ ឈាន​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀបភ្លឺ ត្រង់​ចំណុច​រង្វង់​មូល​រំសាយសក់ ស្ថិត​ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ក្រុង​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​នេះ ​​​​កម្លាំង​សមត្ថកិច្ច​ក្រុង​ បាន​ផ្ទុះ​អាវុធ​ខ្លី​ចំនួន​២​គ្រាប់​ដើម្បី​ជា​ការ​បាញ់​កំញើញ​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​នីសាន់​ ​​ដែល​សង្ស័យ​ថា​ មាន​ផ្ទុក​គ្រឿងញៀន។

ប្រភព​បន្ត​ថា ពេល​ឆែកឆេរ​ជាក់ស្ដែង​​នោះ បាន​រក​ឃើញ​សារធាតុ​ញៀន​ទម្ងន់​ជិត​៦​គីឡូក្រាម។ ចំណែក​ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​២នាក់​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ ​ ឈ្មោះ​ហឿន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដង្កោ​ទាប​ សង្កាត់​ទួល​តា​ឯក ​ក្រុង​និង​ខេត្ត​បាត់ដំបង ជា​មុខសញ្ញា​ចាស់ ទើបតែ​ចេញពី​ពន្ធនាគារ​មិនបាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន ​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​នៃ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114