BREAKING NEWS
Search

ប្រកប​របរ​ទុច្ចរិត ​មមាញឹក​គ្មាន​ពេល​ដេក ​សមត្ថកិច្ច​ចុះ​ក្របួច​ជាប់​នៅ​ម៉ោង​០៣​ទៀបភ្លឺ​

បាត់ដំបង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កំរៀង​ ចុះបង្ក្រាប ​ខណៈ​ជនសង្ស័យ​រូបនេះ​ កំពុង​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​ជាក់ស្ដែង ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បានឲ្យ​ដឹងថា ​ការចុះ​បង្ក្រាប​ករណី​ខាងលើ​ បានធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀបភ្លឺ ​នា​ថ្ងៃទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​នេះ ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ដូង ​ឃុំ​បឹងរាំង ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ​ក្នុង​បទល្មើស​ជាក់ស្ដែង​។​

សមត្ថកិច្ច​ដដែល​បន្ត​ថា​ ជនសង្ស័យ​មានឈ្មោះ​សុក ឆន​ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ មាន​មុខរបរ​ចាប់​ម៉ូយ​ឡាន ​មាន​ទីលំនៅ​ភូមិ​/ឃុំ​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​។​

ក្នុងនោះ ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​ដូចជា ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​ថង់​តូច​ ទម្ងន់​៤.១៧​ក្រាម​,​ថ្នាំ​គ្រា​ប់​ពណ៌​ស្លា​ទុំ​ ដែលមាន​អក្សរ​សម្គាល់​(WY)​ចំនួន​០៥​គ្រាប់​ និង​មួយ​ចំណិត​ទម្ងន់​០.៩៣​ក្រាម​,​ម៉ូតូ​TODAY​ ពណ៌​ស ​ស្លាក​លេខ​បាត់ដំបង​1W.4387​ និង​ទូរសព្ទ​ម៉ាក​realme ​ពណ៌​ខៀវ​ ចំនួន​០១​គ្រឿង​ផង​ដែរ។​

ក្រោយពី​សមត្ថកិច្ច​សួរនាំ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មុខរបរ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន។ ​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​កសាង​សំណុំ​រឿង​ ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​បច្ចុប្បន្ន ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត​ កំពុង​បន្ត​នីតិវិធី​ ហើយ​ត្រៀម​នឹង​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចប់សព្វគ្រប់​៕​


អត្ថបទ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114