ចាប់ខ្លួន​ជនជាតិចិន​ម្នាក់​ ដកហូត​ថ្នាំញៀន​១​គីឡូ ​រួច​បន្ត​មក​ឆែកឆេរ​កន្លែង​ស្នាក់នៅ

ភ្នំពេញ ​៖​ ជនជាតិ​ចិន​ម្នាក់​ រួមទាំង​វត្ថុតាង​គ្រឿងញៀន​១​គីឡូក្រាម ​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​នាំមក​ឆែកឆេរ​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​រូប នោះ ​ក្រោយពី​បង្ក្រាបបាន។

នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​២១​ ខែកុម្ភៈ ​ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩​និង​២០​នាទី កម្លាំង​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​ ​ ​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដែល​ដឹក​ដោយ​ទី​១/. លោក​វរសេនីយ៍ឯក ​យ៉េ​ង ប៊ុន​ណា នាយការិយាល័យ​ ទី​២/​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ធ្វើការ​បង្ក្រាប​ករណី​​​ជនជាតិ​ចិន​ម្នាក់​ពី​បទ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ចំនួន​មួយ​កញ្ចប់​ធំ​ទម្ងន់​១​គីឡូក្រាម។

​សមត្ថកិច្ច​បន្តថា ​ជន​សង្ស័យ​ឃាត់ខ្លួន​នោះ​ឈ្មោះ ហ៊ាង យៀ​ឆឺង ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន​នៅ​សង្កាត់​បឹង​កេងកង ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ​។ ​បន្ទាប់មក​កម្លាំង​ជំនាញ​ បាន​សួរនាំ​ដឹង​ពី​កន្លែង​ស្នាក់នៅ​ និង​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រូប​នោះ​ថា​រូបគេ ​បាន​ណាត់​ម៉ូយ​ទិញ​លក់​(​ជួញដូរ​គ្រឿងញៀន​)​នៅ​ទីនោះ​ ទើប​នាំ​ជនសង្ស័យ​មក​ទីតាំង ផ្ទះ​លេខ​៩៣​អឺ​០ ផ្លូវ​១៣៦ (​យីហោ ភោជនីយដ្ឋាន ប៉េកាំង​)​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ឆែកឆេរ​ ​​ចំនួន​៣​បន្ទប់​នៅ​ជាន់​ទី​២​និង​ជាន់​ទៅ​៣ ​តែ​រក​ពុំ​ឃើញ​វត្ថុតាង​គ្រឿងញៀន​​ថែមទៀត​នោះ ​ទើប​គណៈកម្មការ​ចម្រុះ​បានសម្រេច​ឲ្យ​ម្ចាស់ផ្ទះ​បើក​លក់ដូរ​ជាធម្មតា​វិញ​ដោយ​នាំខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​រូបនោះ​រួមទាំង​វត្ថុតាង​ថ្នាំញៀន​១​គីឡូក្រាម​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​បក្ខ​ពួក ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114