អាវុធហត្ថ​ក្រុង​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ករណី​គ្រឿងញៀន​ជាង​១០០​កញ្ចប់

ភ្នំពេញ ​៖ ​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០ បាន​បញ្ជូន ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។​

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ កាំ​ង គីម​ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវបាន កម្លាំង​មូលដ្ឋាន​ខណ្ឌ ពោធិ៍សែន​ជ័យ ឃាត់ខ្លួន កាលពី ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ និង​០០​នាទី នៅ​ចំណុច ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ចាប់​យក​វត្ថុតាង រួមមាន ក្រាម​ពណ៌​ស​ថ្លា ១៣៨ កញ្ចប់​ស្មើនឹង ៧៥,០៩ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

ជនសង្ស័យ​រូប​នេះ បាន​ប្រើ​បច្ចេកទេស​វៃឆ្លាត ចរាចរ​ថ្នាំញៀន​ដោយ​វេច​ខ្ចប់​នៅក្នុង​ក្រដាស​ប្រាក់​លាក់បាំង​ភ្នែក​សមត្ថកិច្ច អស់​រយៈពេល​ជា​យូរ​មកហើយ តែ​ដោយ​វិធានការ​ជំនាញ របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​តាមដាន​ស្រាវជ្រាវ ដឹង​ពី​ល្បិចកល របស់​ជនល្មើស​រហូត​ឈានដល់​ការបង្ក្រាប​ជាក់ស្តែង និង​បញ្ជូន​ឲ្យ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​តែ៕
​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114