ប៉ូលិស​ថៃ​ផ្ទុះ​អាវុធ ៥ នាទី បាញ់​ស្លាប់​ម្នាក់ និង​ចាប់ខ្លួន​ម្នាក់ រឹបអូស​ថ្នាំញៀន ៤ សែន គ្រាប់​

​ប្រ​ទស​ថៃ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​បាញ់សម្លាប់ និង​ម្នាក់ទៀត ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​ទាំង ២ នាក់ បាន​ផ្ទុះ​អាវុធ​តតាំង​ជាមួយ​សមត្ថកិច្ច​ថៃ អស់​រយៈពេល​ប្រមាណ ៥ នាទី ដើម្បី​បើកផ្លូវ​គេចខ្លួន ខណៈ​ដែល​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់​រថយន្ត​របស់​ពួកគេ​ដែល​ដឹក​ថ្នាំញៀន ចេញពី​ភាគ​ខាង​ត្បូង នៃ​ប្រទេស​ថៃ​ចូលមក​កណ្ដាល​ផ្ទៃ​ប្រទេស ដើម្បី​ចែកចាយ។​

​យោង​តាម​របាយការណ៍​របស់​តម្រួត​ថៃ បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី ២៥ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច នៅ​ចំណុច ស្រុក​ម៉ែ​ចាន់ ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ។​

​របាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​ថៃ​បាន​ទទួល​ព័ត៌មាន​ថា អាច​មាន​ការដឹកនាំ ថ្នាំញៀន ចេញពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ គឺ​ត្រង់​ចំណុច ក្នុងស្រុក​ម៉ែ​ហ្វា​ហ្លួង ខេត្ត​ឈៀង​រ៉ា​យ ដោយ​ឆ្លងកាត់ ស្រុក​ម៉ែ​ចាន់។​

​នៅ​ពេល​នោះ​ដែរ កម្លាំង​តម្រួត​ថៃ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ ហើយ​ក៏បាន​ប្រទះឃើញ​មុខសញ្ញា​បង្ហាញខ្លួន គឺ​រថយន្ត​ម៉ាក​ពី​ក​អាប់ ស្ប៉ត ពាក់​ស្លាក​លេខ ឈៀង​រ៉ា​យ ១២៥៣ បាន​បើកបរ​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​លេខ ១០៤៩ ទើប​សមត្ថកិច្ច​ចាប់​ផ្តើម​ឲ្យ​សញ្ញា​ដើម្បី​ឲ្យ​រថយន្ត​បញ្ឈប់​ល្បឿន ផ្ទុយទៅវិញ​រថយន្ត​បាន​ជាន់​កាន់តែ​លឿន​ឡើងៗ ទើប​សមត្ថកិច្ច​បាន​ដេញ​តាម​រហូតដល់​ត្រង់​ចំណុច ផ្លូវបំបែក ម៉ែ​សាយ​ទើប​រថយន្ត​នោះ​បាត់​ចូល​ទៅ​ផ្លូវ​ម៉ែ​ចាន់ ដោយ​គេ​បាន​បត់​ឆ្វេង​ត្រង់​ចំណុច​ផ្លូវបំបែក​ប្រៃសណីយ៍ បាន​ប្រហែល ២០០ ម៉ែត្រ ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត រត់​គេច​ខ្លួន ដោយ​ក្នុង​នោះ​មាន​ម្នា​ក់​បាន​ដក​កាំភ្លើងខ្លី​ខ្នាត ៩ មិល្លី​ម៉ែត្រ បាញ់​មក​លើ​សមត្ថកិច្ច​វិញ ដែល​ធ្វើ​ឲ្យ​ប៉ូលិស​ថៃ ចាំបាច់​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ព្រមទាំង​បាន​បាញ់​តប​ទៅលើ​សត្រូវ​អស់​រយៈពេល​ប្រមាណ ៥ នាទី ទើប​ស្ងប់ ឯ​ជនសង្ស័យ​ម្នាក់ទៀត ត្រូវ​ចាប់ខ្លួន ។​

​ក្រោយពេល​ឆាក​ប្រយុទ្ធ​បាន​កើត​ឡើង សមត្ថកិច្ច​បាន​រក​ឃើញ​ជនសង្ស័យ​ម្នាក់​ស្លាប់ នៅ​នឹង​កន្លែង ដោយ​ជនសង្ស័យ​ដេក​ផ្កាប់មុខ នៅ​ដៃ​ស្តាំ​មាន​កាន់​កាំភ្លើងខ្លី ខ្នាត ៩ មិល្លី​ម៉ែត្រ ហើយ​នៅ​ក្នុង​បង់​សល់ ៤ គ្រាប់​និង​សំបក​ការទុស្ស​ដែល​បាញ់​រួច​មាន​ចំនួន ៥ គ្រាប់ គឺ​ជន​នេះ​មានឈ្មោះ សា​ឡាក់ តង់​ឆែ ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ ៤ ឃុំ ស្រុក ម៉ែ​ចាន់ ដោយឡែក​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​គឺជា​ឪពុក​មានឈ្មោះ អា​ម៉ឺ តង់​ឆែ អាយុ ៤៥ ឆ្នាំ ដោយ​សមត្ថកិច្ច ដកហូត​វត្ថុតាង​នៅ​ក្នុង​រថយន្ត រួមមាន ថ្នាំញៀន​ប្រភេទ​យ៉ា​ម៉ា ចំនួន ៤០០ ០០០ គ្រាប់​និង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន ២ គីឡូក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​ថ្នាំញៀន ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ ប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ​ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕


អត្ថបទ៖ សោ និយម​