បញ្ជូន​បុរស​២​នាក់ ​និង​គ្រឿងញៀន​៩​គីឡូក្រាម​ ឡើង​តុលាការ

ភ្នំពេញ ៖ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​សំណុំរឿង​គ្រឿងញៀន​ជាង​៩​គីឡូក្រាម ដែល​មាន​ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​បង្ក្រាប​ពីរ​កន្លែង​ផ្សេងគ្នា មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់។​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ ឈ្មោះ កែវ សុធា ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ចំណុច​ភូមិ​ជ្រាវ ឃុំ​អម លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

កម្លាំង​ការិយាល័យ​ជំនាញ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ​​​​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើប​សង្កេត​ស្រាវជ្រាវ និង​បង្ក្រាប ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២​កន្លែង និង​ចាប់ខ្លួន​មនុស្ស​២​នាក់ ដកហូត​ថ្នាំញៀន​បាន​ជាង​៩​គីឡូក្រាម។

សេចក្ដីរាយការណ៍​បន្តថា បង្ក្រាប​ចំណុច​ទី​១​-នៅផ្ទះ​គ្មាន​លេខ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ សំរោងក្រោម សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ ចំណុច​ទី​២.​នៅ​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ គឹម វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម្នាក់​ ឈ្មោះ កែវ សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ចំពោះ​វត្ថ​តាង​ចាប់យក​រួមមាន ៖ សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​៩​គីឡូ​៦៤៣.០៦​ក្រាម​ រថយន្ត​២​គ្រឿង​ ជញ្ជីង​ថ្លឹង​២​គ្រឿង និង ​ទូរស័ព្ទ​២​គ្រឿង។ ខណៈ​នេះ​ អយ្យការ​អម​តុលាការ​កំពុង​សាក​សួរ​ជនសង្ស័យ​ទាំង​២​នាក់​នៅឡើយ៕

អត្ថបទ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114