ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ក្រចេះ​ ៖ ​ជនសង្ស័យ ១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ក្រចេះ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០។

ជនសង្ស័យ​ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ តឿន ដាវី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្នួល​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។

នគរបាល​ ខេត្ត​ក្រចេះ​ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ធ្វើ​ការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ទួល​តាសេក ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ តឿន ដាវី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្នួល​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។

ក្នុង​ការ​ឃាត់​ខ្លួន​នោះ សមត្ថកិច្ច ​ចាប់​យក​សម្ភារៈ​​វត្ថុ​តាង​រួមមាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿង​ញៀន​ចំនួន ១៤​កញ្ចប់​តូច​, ដប​ទឹក​សុទ្ធ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០១, ដែកកេះ​ចំនួន ០១ , ថង់​ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, បំពង់​កែវ​កែច្នៃ​សម្រាប់​ប្រើប្រាស់​ជក់​គ្រឿងញៀន ចំនួន​០១, ទុយោ​សម្រាប់​ចូក​គ្រឿងញៀន ចំនួន ០២, និង​ក្រដាស​អាលុយមីញ៉ូម ចំនួន ០១​សន្លឹក។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​រួម​ជាមួយ​សម្ភារៈ​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី៕


​អត្ថបទ៖ រ៉ា​វុ​ទ្ធ​