ថ្នាំញៀន លុយកាក់ និង គ្រឿងអលង្ការ​ជាច្រើន រួម​នឹង​មុខសញ្ញា ត្រូវបាន​បង្ក្រាប​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​មួយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ធ្វើការ​បង្ក្រាបបាន​ជាប​ន្ត​បន្ទាប់ ដោយ​ក្នុងនោះ​មាន​ទាំង​ថ្នាំញៀន មាន​ទាំង​លុយកាក់ និង គ្រឿងអលង្ការ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ថែមទៀត​ផង ដោយ​គេ​មិនទាន់​ដឹង​ថា របស់​មានតម្លៃ​ទាំងនេះ ជនសង្ស័យ​បាន​មកពី​ណា​នោះ​ទេ។

ព័ត៌មាន​ ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ គឺ​កិច្ចប្រតិបត្តិការ​រប​ស់​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ បាន​ចាប់​ផ្តើម​ធ្វើឡើង​ កាលពី​វេលា​ម៉ោង១និង៥០នាទី​រសៀល ​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​កាស៊ីណូ​ឃ្វី​ន ក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​នៅពេលនោះ​កម្លាំង​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ឈ្មោះ កៃ លឿង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​មិន​ប្រាកដ រស់នៅ​ចំណុច​ខាងលើ។

​នៅក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី១នេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ៖ ១- ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន២កញ្ចប់​តូច ,២-​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន២គ្រាប់​កន្លះ។ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ផង និង ទទួលបាន​នូវ​ចម្លើយ​សារភាព​ផង​នោះ គឺ​នៅ​វេលា​ម៉ោង២និង៣០​នាទីរសៀល ថ្ងៃ​ដដែល កម្លាំង​ប៉េអិម​ស្រុក បាន​បន្ត​កិច្ចប្រតិបត្តិការ​ជា​លើក​ទី ២ ទៅកាន់​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង។​

នៅ​លើក​ទី២ នេះ កម្លាំង​បាន​ឃាត់ខ្លួន​មេខ្លោង និង កូនប្រសា ព្រមទាំង​អ្នកស្នាក់នៅ​ជាមួយ​សរុប​ចំនួន៦នាក់ បន្ថែមទៀត ដែល​ពួកគេ​ គឺជា​អ្នក​ជួញដូរ​យ៉ាងសកម្ម​ជាទីបំផុត នៅក្នុង​មូលដ្ឋាន គឺ​ពួក​គេ​មាន ១.ឈ្មោះ ម៉ី សារិន ហៅ​ឌុ​ង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ចំណុច​ខាងលើ (​មេខ្លោង​) ,២. ឈ្មោះ ឆេង ភ័​ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​កូនប្រសា​) , ៣.ឈ្មោះ ទេព វិឆៃ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ,៤.ឈ្មោះ សេង សុខា ភេទ​ប្រុស អាយុ៣៣ឆ្នាំ ,៥.ឈ្មោះ ប៉ិក ពៀ​វ ភេទ​ប្រុស អាយុ២៤ឆ្នាំ និង ៦. ឈ្មោះ សោម សុខ​គា ភេទ​ប្រុស អាយុ២៨ឆ្នាំ។ រីឯ​វត្ថុតាង​ដែល​ដកហូត​បាន​រួមមាន ៖ ១.ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន៤៨​កញ្ចប់ ទម្ងន់៨៦,៧៦​ក្រាម ,២.ថ្នាំញៀន​ប្រភេទ យ៉ាម៉ា ចំនួន៦៩៣​គ្រាប់ ៣.រថយន្ត​ចំនួន០២​គ្រឿង ម៉ាក​ហ្វ​ត០១​គ្រឿង និង ម៉ាក​លុច​ស៊ិ​ស​RX300=០១​គ្រឿង ,៤.ប្រាក់​ដុល្លារ​ចំនួន ២៤ ៥០៣​ដុល្លារ ,៥.ប្រាក់​បាត​ចំនួន ៨៣ ៩១០​បាត ,៦.ប្រាក់រៀល ចំនួន ២៧ ៧១៧ ០០០​រៀល , ៧. ខ្សែក​លោហធាតុ​ពណ៌​លឿង​១៣​ខ្សែ ,៨.ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​១៣​ខ្សែ ,៩. ខ្សែ ជើង​លោហធាតុ​ពណ៌​លឿង​០៤​ខ្សែ ,១០.ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​១៣​វង់,​១១.កងដៃ​លោហ​ធាតុ​ពណ៌​លឿង​១០​កង ,១២.បណ្តោង​ខ្សែក​លោហធាតុ​ពណ៌​លឿង​០៥​បណ្តោង ,១៣.ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០២​គ្រឿង និង ១៤. ទូរសព្ទដៃ​១០​គ្រឿង។

បច្ចុប្បន្ន​ ប៉េអឹម​ស្រុក​ បាន​បញ្ជូន​ជនសង្ស័យ​ទាំងនេះ រួម​ជាមួយនឹង​វត្ថុតាង ទៅកាន់​បញ្ជាការដ្ឋាន កង​រាជ​អាវុធ​ហត្ថ​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​បន្ត​តាម​នីតិវិធី៕


អត្ថបទ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114