ថ្លើមធំ​មែន ហ៊ាន​បន្លំ​យក​ថ្នាំញៀន​ទៅ ឲ្យ​ក្មួយ នៅ​ក្នុង​បន្ទប់​ឃុំឃាំង ​ប៉ូលិស​ឆែក​ឃើញ ​ចាប់​ញាត់​គុក​ទាំង​ពូ​ទាំង​ក្មួយ

ភ្នំពេញ​ ៖​ ​ បុរស​២​នាក់​សុំ​សមត្ថកិច្ច​ចូល​ទៅ​ជួប​សាច់ញាតិ​នៅ​ក្នុង​​បន្ទប់​ឃុំឃាំង​​ ហើយ​បន្លំ​បង្កប់​គ្រឿងញៀន​ក្នុង​ដប​ទឹក​សុទ្ធ​ និង​​​​​មួក​ ប៉ូលិស​យាម​ប្រចាំការ​ឆែក​ឃើញ​ខំ​ស្ទុះ​ចេញ​ក្រៅ​វិញ តែ​ចេញ​មិន​រួច​​ ​ជាប់គុក​ជាមួយគ្នា​​តែម្ដង។

ហេតុការណ៍​នេះ ​​​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​បន្ទប់​ឃុំឃាំង​នៃ អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ ឃាត់ខ្លួន ទី.​១ ឈ្មោះ សេង ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ ផ្ទះ​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​រវៀង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្ត​តាកែវ ជា​ម្ចាស់​ថ្នាំញៀន ២​កញ្ចប់ ។ ទី​.២ ឈ្មោះ សោម មករា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល កម្លាំង​នគរបាល កំពុង​នៅ​ជុំ​គ្នា ក្នុង​នោះ​វត្តមាន​ប្រចាំការ របស់​លោក វរសេនីយ៍ត្រី ភួង បូ​ណា អធិការរង​ខណ្ឌ​ពោធិ៍សែន​ជ័យ ទទួលបន្ទុក​គ្រឿងញៀន ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង មាន​កាន់​យួរ​ទឹក​សុទ្ធ​២​ដប ទឹកដូង​២​ដប ច្រក​ថង់​ដៃ​យួរ កាន់​ទៅ​សុំ​នគរបាល ដែល​ប្រចាំការ យក​ទឹក​សុទ្ធ​ចូល​ឲ្យ​សាច់ញាតិ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​៤​នាក់ រឿង​គ្រឿងញៀន​៥៧​កញ្ចប់ កាលពី​ម្សិលមិញ​នៅ ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង តែ​មន្ត្រី​ប្រចាំការ សុំ​ធ្វើការ​ត្រួតពិនិត្យ កញ្ចប់ ថង់ ដក​ទឹក សុទ្ធ ស្រាប់តែ​ប្រទះឃើញ មាន​ថ្នាំញៀន​១​កញ្ចប់ បង្កប់​នៅ​ដប​ទឹក​សុទ្ធ និង​មួយ​កញ្ចប់​ទៀត បង្កប់​ក្នុង​មួក របស់​ជនសង្ស័យ​ឈ្មោះ សេង ជឿន។ ពេល​នោះ ពួកគេ ​​​ឆោឡោ បម្រុង​ស្ទុះ​ចេញ​ក្រៅ​វិញ​ តែ​ត្រូវ សមត្ថកិច្ច​ចាប់​ជាប់​ទាំង​២​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់ និង​ម៉ូតូ​២​គ្រឿង​ទុកជា​វត្ថុតាង ។

តាម​មន្ត្រី នគរបាល​ប្រចាំការ បាន​ឲ្យ​ដឹង​ថា ដោយ​ផ្អែក លើ​បទបញ្ជា​ថ្នាក់លើ ឲ្យ​ត្រួតពិនិត្យ រាល់​កញ្ចប់ សម្ភារៈ បាយ ទឹក ដែល​សាច់ញាតិ សុំ​យក​ទៅ​ឲ្យ​ជន​ជាប់ឃុំ ដើម្បី​ធានា​សុវត្ថិភាព ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ទាំង​២​នាក់ សុំ​ចូល​យក​ទឹក​ឲ្យ​សាច់ញាតិ​កំពុង​ជាប់ឃុំ ពាក់ព័ន្ធ​គ្រឿងញៀន តែ​ត្រួតពិនិត្យ លើ​ដប​ទឹក​សុទ្ធ ស្រាប់តែ​ប្រទះឃើញ​មាន​ថ្នាំញៀន​មួយ​កញ្ចប់ នៅ​ជាប់​មួក​និង​មួយ​កញ្ចប់​ទៀត​នៅ​ក្នុង​ដប​ទឹក​សុទ្ធ សរុប​២​កញ្ចប់ នៅ​ចំពោះ​មុខ អធិការរង​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ផ្ទាល់ ក៏​ឃាត់ខ្លួន​តែ​ម្តង ។​

តាម​ចម្លើយ​សារ​ភាព ជនសង្ស័យ ឈ្មោះ សេង ជឿន បាន​ឲ្យ​ដឹង​ថា ពិតជា​ថ្នាំញៀន​ខ្លួន​យក​មក​មែន គោលបំណង​យក​ឲ្យ​ក្មួយ កំពុង​ជាប់ឃុំ​ខាងក្នុង ដែល​គេ​ផ្ដាំ​ថា​កំពុង​ស្រេកឃ្លាន​ថ្នាំញៀន​ខ្លាំង​ពេក ជាហេតុ​នាំ​ឲ្យ​សមត្ថកិច្ច​ចាប់​ទាំង​ខ្លួន​ទៀត ៕


អត្ថបទ៖ វិទូ​