ជន​សង្ស័​យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រាំ​នាក់ ​ត្រូវ​ប៉ូលិស​ស្រុក​បាទី​បង្ក្រាប​បានជា​បន្តបន្ទាប់

តាកែវ ៖ ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​ឧត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ អំពី​បញ្ហា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​៥​នាក់​ ត្រូវ​បាន​ប៉ូលិស​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​បង្ក្រាប​បានជា​បន្តបន្ទាប់​យក​មក​កសាង​សំណុំរឿង​។

ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០ ដោយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​សាប និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កណ្តឹ​ង នៅ​ចំណុច​ភូមិ​ផ្សេងៗ​គ្នា​ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

ជនសង្ស័យ​ទី​១​ឈ្មោះ ភោគ ឌី​ម ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្តុក​ប្រិ​យ៍ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ជា​មុខសញ្ញា​ជួញដូរ​។ ទី​២​ឈ្មោះ កុយ សុខ ភេទប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មុខសញ្ញា​ជួញដូរ ឃាត់ខ្លួន​នៅ​ភូមិ​តស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ទី​៣​ឈ្មោះ មា​ច នឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រការ​ខ្ពស់ ឃុំត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មុខសញ្ញា​ប្រើប្រាស់​ឃាត់ខ្លួន​បាន​នៅ​ភូមិ​រការ​ខ្ពស់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ទី​៤​ឈ្មោះ អ៊ឺ​ន អាង ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រការ​ខ្ពស់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មុខសញ្ញា​ប្រើប្រាស់ ឃាត់ខ្លួន​បាន​នៅ​ភូមិ​រការ​ខ្ពស់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ទី​៥​ឈ្មោះ ខេង កណ្តៀង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ការ៉េម មាន​ទីលំនៅ​ភូមិ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មុខសញ្ញា​ជួញដូរ ឃាត់ខ្លួន​បាន​នៅ​ភូមិ​សង្កែ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន​គ្រឿងញៀន​សរុប​ចំនួន ៤៥​កញ្ចប់ តូច​៤៤​កញ្ចប់ និង​ធំ​០១​កញ្ចប់​ទូរសព្ទ​០៣​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាង​លើ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​ដែល​នៅ​សេសសល់​បន្ថែមទៀត​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114