យក​ថ្នាំញៀន​មក​អង្គុយ​លក់​ដូច​ស្ករ​គ្រាប់​ ទី​បញ្ចប់​ខ្នោះ

ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​ខណៈ​ដែល​កំពុង​អង្គុយ​លក់​ថ្នាំញៀន​។

ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៩ ​ខែធ្នូ​ នៅ​ភូមិ​ដើម​ចាន់​១​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ​ដាវ ហុង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិវៀតណាម​ មុខរបរ​លក់​ថ្នាំញៀន។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី ទេព បូរ៉ា ​នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​នៅ​យប់​ថ្ងៃ​ទី​១៩​ ខែធ្នូ​នេះ​ កម្លាំង​ចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​២​ ក៏​ប្រទះឃើញ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខ្ទម​ដែល​គេ​បោះបង់​ចោល​ហើយ​នៅ​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​១៧​កញ្ចប់​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ម្នាក់​នេះ​ គឺ​រស់នៅ​ចល័ត​ដោយ​ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ​។​ ហើយ​ជន​នេះ​មិន​ខ្លាច​ការបង្ក្រាប​របស់​សមត្ថកិច្ច​ឡើយ​។​ តែ​ទីបំផុត​គេច​មិន​រួច​ពី​ខ្នោះ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114