ផ្សារទំនើបធំៗនៅឌូបៃនឹងបិទទ្វារ ដើម្បីទប់ស្កាត់វីរុសការរីករាលដាលនៃវីរុសកូរ៉ូណា

ផ្សារទំនើបល្បីៗនៅឌូបៃនឹងត្រូវបិទរយៈពេលពីរសប្តាហ៍ក្រោមផែនការរបស់ប្រទេសអារ៉ាប់រួមដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលគេអាចនឹងឃើញអាកាសយានដ្ឋាននានារបស់ប្រទេសមួយនេះត្រូវបិទជើងហោះហើរសម្រាប់អ្នកដំណើរនិងសម្រាប់ឆ្លងកាត់។

ការសម្រេចបិទមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងនេះត្រូវធ្វើឡើងចំពោះមជ្ឈមណ្ឌលទិញទំនិញ ក៏ដូចជាទីផ្សារចំណីអាហារស្រស់ផងដែរ ប៉ុន្តែបណ្ដាឱសថស្ថាននិងហាងលក់អាហាររាយផ្សេងៗនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការដូចធម្មតា។ ដោយឡែក ភោជនីយដ្ឋាននានាត្រូវបានដាក់កម្រិតឱ្យប្រើសេវាកម្មដឹកជញ្ជូនតាមផ្ទះវិញ។

ក្រសួងសុខាភិបាលនិងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃច័ន្ទថា ចំណាត់ការនេះនឹងចូលជាធរមានក្នុងរយៈពេល៤៨ម៉ោង និងមានរយៈពេល២សប្តាហ៍ដែលអាចបន្តឡើងវិញបាននៅពេលណាមួយ។

វិធានការនេះបានធ្វើឡើងនៅពេលដែលអាជ្ញាធរអារ៉ាប់រួមបានប្រកាសថានឹងផ្អាករាល់ជើងហោះហើរអ្នកដំណើរ និងការឆ្លងកាត់រយៈពេលពីរសប្តាហ៍ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានជំរុញឱ្យប្រទេសជាច្រើនបិទព្រំដែនរៀងខ្លួន។

ទោះជាយ៉ាងណា ជើងហោះហើរដឹកទំនិញនិងការជម្លៀសបន្ទាន់នានាត្រូវបានលើកលែងពីវិធានការនេះ។

ប្រទេសអារ៉ាប់រួមគឺជាដែនដីដែលមានអាកាសយានដ្ឋានអន្តរជាតិធំៗ ចំនួនពីរគឺAbu Dhabi និងឌូបៃដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់៕ AFP

បុរសម្នាក់ពាក់ម៉ាសដើរនៅផ្សារទំនើបមួយកន្លែងក្នុងក្រុងឌូបៃ. REUTERS

ប្រែសម្រួល៖ តរុណី