Dzarma Bata រក​ទ្រនំ​ថ្មី​ឃើញ តាមរយៈ​ការចូលរួម​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ ជា​លើក​ទី​២

ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ បានប្រកាស​ពី​ការចុះកិច្ចសន្យា​នាំយក​កីឡាករ​បរទេស​មួយរូប​ដែលមាន​បទពិសោធ​ជោគជាំ នៅ​លី​គ​កំពូល​កម្ពុជា គឺ​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Dzarma Bata សម្រាប់​រដូវ​កាល​២០២០ ពោលគឺ​នៅ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កំពុង​ដំណើរការ។

គួរ​ដឹង​ថា បុរស​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជាទី​ដែល​រូបគេ​បានឈ្នះ​ស្បែកជើង​មាស នៅ​លី​គ​កំពូល​កម្ពុជា ជា​លើកដំបូង​ផងដែរ (​រក​គ្រាប់​បាល់​បាន ២៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ២២​លើក​) និង​បន្ត​លេង​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ចុងរដូវ​កាល​២០១៥ ហើយ​រកបាន ២៣​គ្រាប់​ដដែល ឈរ​នៅ​លេខ​រៀង​ទី​៤ នាម​ជា​កីឡាករ​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លី​គ (​ឆ្នាំ​នោះ ចាន់ វឌ្ឍនាកា ទទួល​បាន​ស្បែកជើង​មាស ក្រោយ​រក​បាន ៣៧​គ្រាប់​)​។ ចូលដល់​រដូវ​កាល​២០១៦ Dzarma Bata បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ បឹងកេត ប៉ុន្តែ​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន​ឡើយ ហើយ​អាច​រក​គ្រាប់​បាល់​បានតែ ៥​គ្រាប់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០១៧ Bata បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (​បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រ​) បាន​ពាក់កណ្ដាល​រដូវ​កាល បន្ទាប់មក​ពាក់កណ្ដាល​រដូវ​កាលដែល​សេសសល់​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​សរុប​ពេញ​មួយ​រដូវ​កាល​២០១៧ រូបគេ​អាច​រក​គ្រាប់​បាល់​បាន ១៨​គ្រាប់​។ ចូលដល់​រដូវ​កាល​២០១៨ Bata ក៏បាន​ផ្លាស់​ទៅ​ក្លិប​ថ្មី​មួយទៀត នោះ​គឺ សូល​ទី​ឡូ​អង្គរ លេង​ពេញ​មួយ​រដូវ​កាល ហើយ​អាច​រក​គ្រាប់​បាល់​បាន ១៥​គ្រាប់ ឈរ​នៅ​លេខ​៤ នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​លី​គ​ផងដែរ​។ ដោយឡែក​កាលពី​រដូវ​កាល​២០១៩ កន្លងទៅ​ថ្មីៗ​នេះ Bata បាន​ចូលរួម​ជាមួយ​ក្លិប​ពីរ​ផ្សេង​ពីគ្នា​ផងដែរ នោះ​គឺ​ចាប់ផ្ដើម​ដើមរដូវ​កាល​ជាមួយ ក្រសួងការពារជាតិ និង​នៅ​ពាក់កណ្ដាល​រដូវ​កាល ជើង​ទី​២ ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន ទាំងពីរ​ក្លិប​នេះ Bata អា​ចរក​គ្រាប់​បាល់​បាន ៣៥​គ្រាប់ និង​ឈរ​លេខ​២ ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​លី​គ បន្ទាប់ពី Mbarga Privat របស់​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន ៣៦​គ្រាប់ ទទួលបាន​ស្បែកជើង​មាស​។

គួរ​បញ្ជាក់​ថា Dzarma Bata ក្លាយជា​កីឡា​ករទី​៥ ហើយ​ដែល​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ នាំ​ចូលមក​រួម​ក្រុម​នៅ​រដូវ​កាល​២០២០ បន្ទាប់ពី​កីឡាករ មុត សត្យា ដែល​ត្រូវបាន​ស្គាល់​ថា​ជា​យុវជន​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ការវិល​ត្រលប់​មកវិញ​ដូចគ្នា​ពី​សំណាក់​កីឡាករ​ជប៉ុន Yudai Ogawa កីឡាករ កែវ សារ៉ាត់ ផ្ទេរ​មកពី​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​ចុងក្រោយ​កីឡាករ​ជប៉ុន Takaki Ose​។​
​ជាមួយគ្នា​ផងដែរ បច្ចុប្បន្ន អង្គ​រថា​យ​ហ្គឺ​រ មាន​កីឡាករ​បរទេស​ចំនួន ៤​រូប​ហើយ រួមមាន​ជប៉ុន ៣​រូប Joichiro Sugiyama, Yudai Ogawa និង Takaki Ose និង​កីឡាករ Dzarma Bata នេះ​ផ្ទាល់​តែម្ដង ខណៈ​ក្លិប​នៅសល់​កៅអី​សម្រាប់​កីឡាករ​បរទេស​មួយរូប​ទៀត មក​រួម​ក្រុម​ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114