ក្រសួងពាណិជ្ជកម្ម​ថា មាន​ទំនិញ​៤០ មុខ​ត្រូវបាន​សហភាព​អឺរ៉ុប​គិត​ពន្ធ

ភ្នំពេញ ​៖ ​ក្រសួងពាណិជ្ជកម្ម កាលពី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បានចេញ​សេចក្តី​ប្រកាសថា មាន​ទំនិញ​កម្ពុជា​តែ​៤០​មុខ​ប៉ុណ្ណោះ ដែល​ត្រូវបាន​សហភាព​អឺរ៉ុប​គិត​ពន្ធ ខណៈដែល​ទំនិញ​កម្ពុជា​ចំនួន​៩០០០​មុខ​ទៀត នៅតែ​អាច​បន្ត​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប ដោយ​គ្មាន​បង់ពន្ធ​ដូច​ធម្មតា​។​

​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បានទទួល​លិខិត​មួយ​របស់​សហភាព​អឺរ៉ុប តាមរយៈ​ស្ថានទូត​អឺរ៉ុ​ប​ប្រចាំ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​នីតិវិធី នៃ​ការព្យួរ​បណ្តោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) លើ​ទំនិញ​មួយចំនួន​របស់​ប្រទេស​កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា លិខិត របស់​សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​អំពី​ទំនិញ​៤០​មុខ នៃ​បន្ទាត់​ពន្ធ​៦​ខ្ទង់ ដែល​ផលិត​នៅ​កម្ពុជា ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​អ្នក​នាំចេញ​របស់​កម្ពុ​ជាមាន​លទ្ធភាព​បង់ពន្ធ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ទន្ទឹមនឹងនោះ នៅសល់​មុខទំនិញ​ប្រមាណ​៩០០០​មុខ​ទៀត នៅតែ​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ក្រោម​ប្រព័ន្ធ​អនុគ្រោះ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) ក្នុង​គោលបំណង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រក្សា​ការងារ និង​ប្រភព​ចំណូល​ជូន​ដល់កម្មករ​-​កម្មការិនី និង​ក្រុមគ្រួសារ​។​

តាម​នីតិវិធី​នៃ​បទប្បញ្ញត្តិ ស្តីពី​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប មុខទំនិញ​ដែល​បានស្នើ​សុំ​ព្យួរ​សម្បទាន​ពន្ធ​ជា​បណ្ដោះអាសន្ន​ចំនួន​៤០ មុខទំនិញ​ខាងលើ នឹងត្រូវ​ដាក់ជូន​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប ពិនិត្យ​លើ​ទម្រង់ និង​គតិ​ច្បាប់ ដែល​ត្រូវ​ប្រើ​ពេលវេលា​ប្រមាណ​២​ខែ​បន្តទៀត ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០។ ក្នុង​ន័យ​នេះ សភា​អឺរ៉ុប មាន​សិទ្ធិ​ជំទាស់​ទៅនឹង​សេចក្តីស្នើច្បាប់ សុំ​ព្យួរ​ជា​បណ្តោះអាសន្ន​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​។ ក្នុងករណី​ចាំបាច់​សភា​អឺរ៉ុប អាច​ប្រើពេល​២​ខែ​បន្ថែមទៀត​ដើម្បី​ពិចារណា។

ក្រសួងពាណិជ្ជកម្ម​ បាន​បញ្ជាក់ដែរថា តាម​ការពិគ្រោះ​យោបល់​ជាមួយ​តំណាង​រោងចក្រ ដែល​កំពុង​ផលិត និង​នាំចេញ​ផលិតផល​៤០​មុខ ទៅកាន់​ទីផ្សារ​ឃើញថា បើ​មានការ​សម្រេច​ឲ្យ​ព្យួរ​សម្បទាន​ពន្ធ​ជា​បណ្តោះអាសន្ន នៅ​ឆ្នាំ​២០២០ មែន​នោះ បណ្តា​រោងចក្រ​ទាំងនោះ នៅតែមាន​លទ្ធភាព​បន្ត​ផលិតកម្ម​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដដែល ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​អនុវត្ត​វិធានការ​មុត​ស្រួច​ជា​កញ្ចប់ ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩៕

អត្ថបទ ៖​ ​កោះ​កែវ​