សហគមន៍​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល បង្កើត​សេវាកម្ម កម្សាន្ត​តាម​ទូក

ស្ទឹងត្រែង​ ៖ សហគមន៍​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល រៀបចំ​ឲ្យ​មាន​ដំណើរ​កម្សាន្ត​តាម​ទូក​ជូន​ភ្ញៀវ​ទេសចរ បន្ទាប់ពី​ទស្សនា​ត្រី​ផ្សោត និង​ភ្នំ​បន្ទំ​ចេក នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ខាងមុខនេះ​។

​លោក​សាន សុ​វណ្ណា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល​បាន​បញ្ជាក់​ថា សមាជិក​សហគមន៍​បាន​បង្កើត​មុខរបរ​បន្ថែម​ ដើម្បី​ទាញ​យក​ប្រាក់ចំណូល​ផង​និង​បាន​រួមគ្នា​ការពារ​ធនធាន​សម្បត្តិ​ធម្មជាតិ​ជាពិសេស​ត្រី​ផ្សោត ទោះបី​វា​ធ្វើ​ចរាចរណ៍​បម្លាស់ទី​ ទៅ​នៅ​តំបន់​កោះ​ល្ង ទន្លេ​មេគង្គ​ឡាវ​ក៏​ដោយ ព្រោះ​វា​ជា​សម្បត្តិ​ធនធាន​របស់​យើង​។

​លោក​បាន​បន្ត​ថា​ សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​នេះ ​មាន​ច្រើនបែប​សណ្ឋាន​ បន្ទាប់ពី​មើល​ត្រី​ផ្សោត សហគមន៍​បាន​នាំ​គ្នា​រៀបចំ​ឲ្យ​មានការ​ទស្សនា​ធនធាន​ជីវចម្រុះ​ផ្សេងៗ​ទៀត ជាពិសេស​ទស្សនា​ផ្ទាំង​ថ្ម និង​ភ្នំ​បន្ទំចេក ​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​មាន​តាំងពី​បុរាណ​មក​។

​លោក​ផ​យ​ វណ្ណា​ សមាជិក​សហគមន៍​ទទួល​ផ្នែក​សេវាកម្ម​ទូក​បាន​បញ្ជាក់​ថា សក្តានុពល​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​បាន​ច្រើន​ជាក់​ស្តែង ​កាលពី​រដូវ​ចូលឆ្នាំ​កន្លងមក​មាន​ភ្ញៀវ​មកលេង​ជាង​មួយ​ម៉ឺន​នាក់​រួច​ទៅ​ហើយ​។

​លោក​ក៏​បាន​បន្ត​ទៀត​ថា សមាជិក​សហគមន៍​បាន​នាំ​គ្នា​រៀបចំ ​សេវាកម្ម​ដឹក​ជញ្ជូន​ឲ្យ​មាន​សុវត្ថិភាព ​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ក្រៅ​ការងារ​កសិកម្ម​នាំគ្នា​លក់ដូរ​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ជីវភាព​ប្រសើរ​ជាង​ទៅ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម​។

​អ្នកស្រី​ម៉ន ​ណាវី​ រស់នៅ​ភូមិ​ឃុំ​ព្រះ​រំកិល ​មក​លក់ដូរ​ចំណីអាហារ​នៅ​រមណីយដ្ឋាន​ទេសចរណ៍​បាន​ទទួល​ស្គាល់​ថា ​នេះ​ជាការ​រួមគ្នា​ដោះស្រាយ​រាល់​ភាព​លំបាក​ ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ច្រើន​ ប្រកប​របរ​កសិកម្ម​ពេល​បាន​ផល​នាំគ្នា​កែច្នៃ​យក​មក​លក់​នៅ​តំបន់​ទេសចរណ៍​ទទួល​បាន​ប្រាក់ ​នៅ​ក្នុង​ស្រុក​របស់ខ្លួន​ផ្ទាល់​តែ​ម្តង​។

​សូមបញ្ជាក់​ថា សហគមន៍​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល បច្ចុប្បន្ន​អង្គការ​ដៃគូ​បាន​កាត់ផ្តាច់​ការ​គាំទ្រ ហើយ​ពួកគាត់​នាំគ្នា​រិះរក​យន្តការ​ពង្រឹង​អេកូ​ទេសចរណ៍​នេះ ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ប្រការ​នៅ​ពេល​ដែល​ត្រី​ផ្សោត​ធម្មជាតិ​បាត់បង់​៕

 

អត្ថបទ៖ ងិន​លីម​