ជ្រលង​ទឹក​ហូរ​ភ្នំ​ដំបង​ ក្នុងស្រុក​សំឡូត ​ខេត្ត​បាត់ដំបង​ កំពុង​ត្រូវ​បាន​ចាប់អារម្មណ៍​ពី​អ្នក​ទេសចរណ៍​ក្នុង​តំបន់

​បាត់ដំបង ៖ បើ​ទោះ​បី​ជ្រលង​ទឹក​ហូរ​មួយ​នេះ ​ឋិត​ក្នុង​សភាព​ស្ងៀមស្ងាត់ ​ពី​ហ្វូង​មនុស្ស​ជា​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរ​ជាតិ​នៅឡើយ ​ដោយ​ភាគច្រើន​ពុំ​ទាន់​ទៅដល់​នឹង​មិន​ស្គាល់​ជ្រលង​ទឹក​ហូរ​មួយ​នេះ តែ​វា​ពិត​ជា​មាន​សម្រស់​ធម្មជាតិ​បៃតង​ស្រស់​បំពង​សំឡេង​សត្វ​យំ​ទ្រហឹងអឺងកង​យ៉ាង​ស្រស់​ស្អាត និង​កំពុង​ត្រូវ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុង​តំបន់​មួយ​ចំនួន​ ទៅ​កម្សាន្ត​ជា​បន្តបន្ទាប់​ផង​ដែរ​ បើ​ទោះ​បី​ចំនួន​អ្នក​ស្គាល់​នៅ​មាន​កម្រិត​នៅឡើយ​។​

កញ្ញា​ពេជ្រ លី​ហុង ​ម្ចាស់​អាហារដ្ឋាន​នៅ​តំបន់​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ទីកន្លែង​ជ្រលង​ស្ទឹង​ភ្នំ​ដំបង​នេះ​ ឋិត​ក្នុង​ឃុំ​ដំបង​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង មាន​សម្រស់​ធម្មជាតិ​មិន​ចាញ់​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​ភ្ញៀវ​ក្នុង​តំបន់​ ដែល​បាន​ទើប​នឹង​ស្គាល់​តៗ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មកលេង​ជា​ហូរហែ​ឥត​ដាច់​ទេ​ ពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ឬក៏​ថ្ងៃ​បុណ្យជាតិ​នានា​តែង​មក​ទាំង​គ្រួសារ​តែ​ម្តង​។ កញ្ញា​បន្ត​ថា ​ភ្ញៀវ​ទាំងអស់​ ដែល​ចូល​មកលេង​នៅ​ទី​នេះ​ ភាគច្រើន​ជា​ភ្ញៀវ​មកពី​តំបន់​ទីប្រជុំជន​ខេត្ត​ដូចជា​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ និង​មកពី​ទីក្រុង​ភ្នំពេញ​ខ្លះ​ដែរ​។​

កាលពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ កន្លង​មក​នេះ​ ជួប​ជាមួយ​លោក​ប៊ុន ណាក់ ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហាញ​អារម្មណ៍​ថា ​តាមរយៈ​ការ​រៀបរាប់​តៗ​គ្នា​ពី​មិត្តភ័ក្ដិ​ បាន​ធ្វើ​ឲ្យ​រូបលោក​ក៏ដូចជា​បងប្អូន​ក្រុម​គ្រួសារ​ប្រមាណ​២០​នាក់​ បាន​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​មកដល់​ទីនេះ​ ដើម្បី​លំហែ​កាយ​ទស្សនា​តំបន់​ព្រៃភ្នំ​មួយ​នេះ​ និង​ងូតទឹក​ថ្លាឈ្វេង​ក្នុង​ជ្រលង​ដងស្ទឹង​ ដែល​មាន​ទឹក​ហូរ​ពីលើ​ដុំ​សិលារ​ជាច្រើន​តម្រៀប​គ្នា​ នៅ​បាត​ជ្រលង​អូរ​នេះ​ បង្ក​ភាព​ត្រជាក់​កាន់តែ​ប្រសើរ​ឡើង​។ អ្នក​កម្សាន្ត​រូប​នេះ​បន្ត​ថា​ ជ្រលង​កម្សាន្ត​មួយ​នេះ​ ក្រៅពី​ងូត​លេង​ជាមួយ​ទឹក​ដ៏​ថ្លា​នេះ​ ក៏​មាន​សម្រស់​ធម្មជាតិ​រុក្ខជាតិ​ទាប​ខ្ពស់​ពណ៌​បៃតង​ នៅ​លើ​ជ្រលង​ផ្ទៃ​ទឹក​ ដែល​កំពុងតែ​ហូរ​បុក​ផ្ទប់​ជាមួយ​ដុំ​ថ្ម​បង្កើត​ជា​សូរសម្លេង ​និង​ពន្លឺ​ចែងចាំង​លាយឡំ​ជាមួយ​ខ្យល់​យ៉ាង​ត្រជាក់​សំឡេង​សត្វ​យំ​ចម្រុះ​ផង​នោះ​ បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​ដក់​ជាប់​មិន​ចង់​ឃ្លាត​ នឹង​សន្យា​ចំពោះ​ខ្លួនឯង​ ថា​នឹង​វិលត្រឡប់​មកលេង​នៅ​ជ្រលង​ទឹកស្ទឹង​ភ្នំ​ដំបង​នេះ ​ម្តង​ទៀត​នៅ​ពេល​ក្រោយ​។

​សម្រាប់​ខេត្ត​បាត់ដំបង ​គេ​សង្កេតឃើញ​មាន​សក្ដានុពល​ទេសចរណ៍​យ៉ាង​ទូលំទូលាយ​រួមមាន​គោលដៅ​សំខាន់ៗ​ដូចជា ​តំបន់​រមណីយដ្ឋាន​ភ្នំ​បាណន់​,​ រមណីយដ្ឋាន​ភ្នំ​សំពៅ​,​ តំបន់​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​, ​ប្រាសាទ​បា​សែត​,​ រមណីយដ្ឋាន​អាងទឹក​កំពីងពួយ​,​ ការ​ទស្សនា​កម្សាន្ត​ហ្វូង​សត្វ​ប្រជៀវ​ជើងភ្នំ​សំពៅ​,​ ទស្សនា​តំបន់​ជម្រក​សត្វ​ស្លាប​ដែន​បឹង​ទន្លេសាប​ និង​រមណី​ដ្ឋា​ន​កែច្នៃ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​ ដែល​ត្រូវ​បាន​ទាក់ទាញ​អារម្មណ៍​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរ​ជាតិ​ចំណាយ​ពេលវេលា​ ចូល​ទស្សនា​លំហែ​កាយ​មិន​ចេះ​នឿយណាយ​ជា​មួយ​និង​ការ​ផ្តិត​យក​រូប​ភាពជា​អនុស្សាវរីយ៍​សម្រាប់​ពួកគេ​ផង​ដែរ​៕
​អត្ថបទ៖ សៅ សារិទ្ធ​
សូមចុចអាន៖ សាលា​ខណ្ឌ​ព្រែក​ព្នៅ ​ចុះ​ពិនិត្យ​ការ​ស្ដារ​ស្រះ​លួង និង​លើក​ទំនប់​ព្រំប្រទល់ ​ដើម្បី​កុំ​ឲ្យ​មានការ​រំលោភបំពាន​