លោកជំទាវ ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​អប់រំ ​ជា​វិស័យ​អាទិភាព​សម្រាប់​ជា​ថ្នាល​បណ្ដុះ​ចំណេះដឹង​

ភ្នំពេញ ៖ លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​នង​ជា​មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​បាន​ថ្លែងថា រាជរដ្ឋាភិបាល​ដែលមាន​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ជា​វិស័យ​អប់រំ ​ជា​វិស័យ​អាទិភាព ដោយ​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ និង​បាន​ធ្វើ​យ៉ាងណា ដើម្បី​បង្កើន​ចំណេះ​ដឹង​នៅ​មូលដ្ឋាន និង​បង្ខិត​ជនបទ​ឲ្យ​កៀក​នឹង​ទីក្រុង​តែម្ដង​។

លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ១​ខ្នង ៤​បន្ទប់ និង​សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង ស្ថិត​ក្នុង​ភូមិ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក ព្រឹទ្ធ​សភា តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ ប្រមាណ ១.៤០០​នាក់ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែមាឃ ឆ្នាំកុរ ឯក​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក។

លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បន្តទៀតថា អគារ​សិ​ក្សា​១​ខ្នង ៤​បន្ទប់ រួមជា​មួយ សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង បាន​ចំណាយ​ថវិកា​សរុប ៧៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​ឧកញ៉ា ប៊ុន មុនី ប្រធាន​អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ឧត្ដមសេនីយ៍​ឯក ប្រាក់ សុ​វណ្ណា មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក និង​ ភរិយា ​បាន​ជួយ​កសាង​អគារសិក្សា​នេះ​ឡើង ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​ដែល​កំពុងមាន​កំណើន​ជា​រៀងរាល់​ឆ្នាំ​។

លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​យ៉ាង​ច្បាស់​ថា ការចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ពេលនេះ​បាន​និង​កំពុង​កែទម្រង់​ជាច្រើន ក្នុង​គោលបំណង​ឲ្យ​កុមារ​គ្រប់ៗ​រូប​បាន​ចូលរៀន ធានា​ការអប់រំ​ប្រកបដោយ​គុណភាព ចរិយា​ធម៌ សម​ធម៌ និង​បង្កើត​កាលានុវត្តភាព​សិក្សា​ពេញ​មួយជីវិត ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ចាត់​ទុក​ជា​វិស័យ​អប់រំ​ ជា​វិស័យ​អាទិភាព ដោយ​បាន​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ និង​បាន​ធ្វើ​យ៉ាងណា ដើម្បី​បង្កើន​ចំណេះដឹង​នៅ​មូលដ្ឋាន និង​បង្ខិត​ជនបទ​ឲ្យ​កៀក​នឹង​ទីក្រុង​។​

លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​សំណូមពរ​ឲ្យ​ក្មួយៗ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត គប្បី​ខិតខំ​សិក្សា រៀនសូត្រ មាន​វិន័យ​សីលធម៌​ល្អ និង​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធផល​បានយូរ​អង្វែង ជា​ក្តីសង្ឃឹម​របស់​ម្ចាស់ជំនួយ ក៏​ដូច​អាជ្ញាធរ​ខេត្ត ពិសេស មាតា​បិតា និង​អាណាព្យាបាល​របស់​ក្មួយៗ​នោះ​តែម្តង​។ ជាពិសេស ក៏​សូម​ស្នើ​ឲ្យ​ លោក​ឧកញ៉ា ប៊ុន មុនី ឯកឧត្ដម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា និង ​សប្បុរសជន​ដទៃទៀត ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ដទៃ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង​បន្តទៀត​។ ​ក្នុង​ឱកាស​នោះដែរ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប​ដើម្បី​ជា​ម្លប់​សម្រាប់​សិស្សានុសិស្ស​ផង​ដែរ​៕


អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114