សុគន្ធ និសា​ និង​ឆន សុ​វណ្ណា​រាជ រួមគ្នា​ធ្វើ​វីដេអូ​អប់រំ​ប្រជាពលរដ្ឋ ​អំពី​វិធី​ការពារ​ខ្លួន​​ពី​វីរុស​កូ​វីដ​១៩

ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​-​ស្រី​ពីរ​រូប​របស់​ខ្មែរ​គឺ​អ្នកនាង សុគន្ធ និសា និង​លោក​ ឆន សុ​វណ្ណា​រាជ ខណៈ​​​ជំងឺ Covid-19​ បាន​និង​កំពុងតែ​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា​នោះ, ​អ្នក​ទាំងពីរ​បានធ្វើ​ឃ្លី​ប​វីដេអូ​រួមគ្នា​ដើម្បី​បំផុស​ពី​ការអប់រំ​និង​វិធី​ថែរក្សា​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

តាមរយៈ​ឃ្លី​ប​វីដេអូ​រួមគ្នា ​ដែល​មាន​រយៈពេល​ប្រមាណ​ជិត​៥​នាទី​របស់​តារា​ចម្រៀង​អ្នកនាង​សុគន្ធ និសា និង​លោក​ ឆន សុ​វណ្ណា​រាជ ត្រូវ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​បាន​រៀបរាប់​ និង​អំពាវនាវ​ដូច្នេះ​ថា ​​ខ្ញុំ ឆន សុ​វណ្ណា​រាជ និង សុគន្ធ និសា សូម​ណែនាំ​ពលរដ្ឋ​អំពី​វិធី​ការពារ​ខ្លួន​ពី​វីរុស​កូ​វីដ​១៩ និង​សំណូមពរ​កុំ​អោយ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​មាន​ការចាំបាច់​ព្រោះ​ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​ក្រុម​គ្រួសារ។

ប្រភព​ពី​តារា​ចម្រៀង​ទាំងពីរ​រូប​នេះ​ បាន​បន្ត​ថា​ ប្រសិនបើ​បងប្អូន​មានការ​ងារ​ចាំបាច់​ ត្រូវ​ចេះ​ទៅ​ក្រៅ​ផ្ទះ​ ឬ​ទីប្រជុំជន​ណាមួយ​ ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​តាមរយៈ​ការ​ពាក់​ម៉ាស់​ ព្រោះ​ការពាក់​ម៉ាស់​អាច​ជួយ​ដល់​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ ​និង​ពិសេស​ជំងឺ​កូ​វីដ ១៩​ជាដើម។ នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

អ្នកនាង​សុគន្ធ និសា​ និង​លោក​ ឆន សុ​វណ្ណា​រាជ បាន​បញ្ជាក់​ទៀត​ថា​ មិន​ត្រឹមតែ​ការ​ពាក់​ម៉ាស់​នោះ​ទេ ​រឿង​ដែល​សំខាន់​ទៀត​នោះ​ គឺ​បងប្អូន​ត្រូវតែ​ចូលរួម​លាងដៃ​ជាមួយ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល​ឲ្យ​បាន​ញឹក​ញាប់ ​ក្រោយ​ពេលដែល​យើង​មានការ​ប៉ះពាល់​ជាមួយ​សម្ភារ​ផ្សេង​ឬ​ប៉ះពាល់​ជាមួយ​បុគ្គល​នៅ​ជុំវិញ​ខ្លួន។

តារា​ប្រុស​-​ស្រី​ពីរ​រូប​ខាង​លើ​នេះ ​ក៏បាន​អំពាវនាវ​បន្ថែម​ថា​ ដើម្បី​បាន​ដឹង​កាន់តែ​ច្បាស់​សូម​បងប្អូន​ទាំង​អស់​គ្នា ​តាមដាន​ព័ត៌មាន​ និង​ការណែនាំ​លម្អិត​របស់​ក្រសួងសុខាភិបាល​។​ ម្យ៉ាងទៀត​បើសិនជា​គ្មាន​ការចាំបាច់​នោះ​ទេ​ សូម​បងប្អូន​ទាំងអស់​មេត្តា​កុំ​ទៅ​ចូលរួម​ជួបជុំ​នៅ​តាម​កន្លែង​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន ​និង​ត្រូវតែ​សម្អាត​អនាម័យ​ខ្លួន​ប្រាប់​ឲ្យ​បាន​គ្រប់​ពេល​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វីដ​១៩៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114