ឆាបឆេះមន្ទីរពេទ្យនៅប្រទេសអេហ្ស៊ីបសម្លាប់អ្នកជំងឺកូរ៉ូណាចំនួន ៧ នាក់
BREAKING NEWS
Search

ឆាបឆេះមន្ទីរពេទ្យនៅប្រទេសអេហ្ស៊ីបសម្លាប់អ្នកជំងឺកូរ៉ូណាចំនួន ៧ នាក់

យោងតាមព្រះរាជអាជ្ញាសាធារណៈរបស់ប្រទេសអេហ្ស៊ីបបានឲ្យដឹងថា បន្ទប់សង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យអេហ្ស៊ីបបានឆាបឆេះកាលពីថ្ងៃចន្ទដោយបានសម្លាប់អ្នកជំងឺកូវីដ ១៩ ចំនួន ៧ នាក់ ។

អភិបាលក្រុងលោក Mohamed el-Sharif បាននិយាយថា ការឆាបឆេះនេះបានផ្ទុះឡើងនៅក្នុងបន្ទប់ដាក់អ្នកជំងឺកូរ៉ូណានៃមន្ទីរពេទ្យឯកជនមួយនៅទីក្រុង Alexandria តាមបណ្តោយឆ្នេរភាគខាងជើងប្រទេសអេហ្ស៊ីប ខណៈបុរស ៦ នាក់ និងស្ត្រីម្នាក់ត្រូវបានសម្លាប់ ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាបានឲ្យដឹងថា នាយកដ្ឋានការពារស៊ីវិលបានស្តីបន្ទោសខ្សែភ្លើងសម្រាប់អគ្គិភ័យនេះ ។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត ប៉ុន្តែរបាយការណ៍បឋមបានបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមនៅក្នុងម៉ាស៊ីនត្រជាក់របស់បន្ទប់ ។ បន្ទាប់ពីបានឭការផ្ទុះម៉ាស៊ីនត្រជាក់ក្នុងបន្ទប់គិលានុបដ្ឋាយិកាបានជួយពន្លត់អណ្តាតភ្លើងប៉ុន្តែជនរងគ្រោះបានរងផលប៉ះពាល់ដោយផ្សែងក្រាស់ ។

មន្ទីរពេទ្យ Badrawy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះមានអគ្គិភ័យយ៉ាងខ្លាំង ហើយគ្មានបុគ្គលិកកណាម្នាក់អាចគ្រប់គ្រងស្ថានការណ៍បានទេ ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័ស” ។

ស្តង់ដារសុវត្ថិភាព និងបទបញ្ជាអគ្គិភ័យត្រូវបានអនុវត្តមិនសូវល្អនោះទេនៅក្នុងប្រទេសអេហ្ស៊ីប ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់ជាច្រើន ។

ព្រះរាជអាជ្ញាបានបន្ថែមថា អ្នកជំងឺម្នាក់បានរងរបួសក្នុងការឆាបឆេះនេះ និងអ្នកដែលនៅសល់ត្រូវបានជម្លៀសចេញ ។ ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានពន្លត់បំពង់ជំនួយខ្យល់ដកដង្ហើម គ្រែ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តផ្សេងទៀតផងដែរនៅក្នុងបន្ទប់ដាក់អ្នកជំងឺកូរ៉ូណា ខណៈដែលអគ្គិភ័យមិនបានរាលដាលដល់ផ្នែកផ្សេងទៀតនៃមន្ទីរពេទ្យនោះទេ ។

កាលពីថ្ងៃចន្ទក្រសួងសុខាភិបាលអេហ្ស៊ីបបានរាយការណ៍ថាមានអ្នកឆ្លងចំនួន ១,៥៦៦ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៣ នាក់ដែលធ្វើឲ្យចំនួនឆ្លងឡើងដល់ទៅ ៦៦,៧៥៤ នាក់ និងស្លាប់ ២,៨៧២ នាក់ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅក្នុងតំបន់ ៕ AP

កងពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់កន្លែងនៃអគ្គិភ័យ ។ (រូប ME)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត