នៅ​ឆ្នាំ​២០២០​ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ប​ន្ត​បញ្ចុះតម្លៃ ​អគ្គិសនី​ចំនួន​មួយ​សេន​ថែមទៀត​ដល់​ឧស្សាហកម្ម​ធុនតូច​ធំ​នៅ​កម្ពុជា

​ភ្នំពេញ​ ៖​ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ​តទៅ​ សម្រា​ប់​ឧស្សាហកម្ម​ធុនតូចធំ​នៅ​កម្ពុជា​ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី​ចំនួន​១​សែន​ឬ​ស្មើនឹង​៤០​រៀល​ថែមទៀត ​បន្ទាប់ពី​បាន​បញ្ចុះ​ចំនួន​២​សេន​រួចហើយ​ក្រោយ​ការ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី ៦​កន្លង​ទៅ​នេះ​។

​លោក​បាន​បន្ត​ថា ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​មួយ​សេន​បន្ថែម​ទៀត​នេះ ​គឺ​ដើម្បី​ឲ្យ​ម្ចាស់​សហគ្រាស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់​អាច​មាន​លទ្ធភាព​ ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេសជិតខាង​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ផ្សេងៗ​សម្រាប់​ការនាំចេញ​។

​ចំណែក​លោក​ កាំ​ង​ ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បញ្ចុះតម្លៃ​អគ្គិសនី​នេះ​ ព្រោះ​បាន​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​អ្នក​វិនិយោគ​បាន​មួយ​កម្រិត​។

​លោក​បាន​បន្ត​ថា​ វិធានការ​បញ្ចុះតម្លៃ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​នៅ​ជិតខាង​កម្ពុជា​ដូចជា​វៀតណាម​និង​ភូមា​ជាដើម​។​
​យ៉ាងណាក៏ដោយ​លោក​អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គួរតែ​បន្ត​បញ្ចុះតម្លៃ​អគ្គិសនី​បន្ថែម​ទៀត​ដោយសារ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ នៅតែ​ខ្ពស់​ជាង​ប្រទេសជិតខាង​នៅឡើយ​។

​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ស៊ុយ សែម​ បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​គោ​លន​យោ​បាយ​ក្នុង​ការ​ជួយឧបត្ថម្ភ​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​ដូច​ប្រទេស​វៀតណាម​ឬ​ថៃ​ដែល​ធ្វើ​ឲ្យ​ថ្លៃ​អគ្គិសនី​មានតម្លៃ​ទាប​ជាង​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​ទោះបីជា​រាជរដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ឧបត្ថម្ភ​ធន​ក៏​ពិតមែន​តែ​រាជរដ្ឋាភិបាល​លក់​តម្លៃ​អគ្គិសនី​ទៅតាម​ជាក់​ស្តែង​តែ​បើ​មាន​ប្រភព​អគ្គិសនី​ច្រើន​នឹង​លក់​បញ្ចុះតម្លៃ​ទៅតាម​ហ្នឹង​ដែរ​។​ ជាក់​ស្តែង​រាជរដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ​ដល់​ប្រជាពលរដ្ឋ​ បាន​មួយ​ចំនួន​រួចហើយ​។ ​ចំណែក​ខាង​វិស័យ​ឯកជន​វិញ​ក៏បាន​ធ្វើ​ដូចគ្នា​ដែរ​ពោល​គឺ​ ធ្វើ​ទៅតាម​ដំណាក់កាល​មិន​អាច​ចុះ​គំហុក​បានទេ​ព្រោះថា​កម្ពុជា​ទិញ​ភ្លើង​ពី​ប្រទេសជិតខាង​ដែរ​ដូចជា​ពី​ប្រទេស​ថៃ​និង​ឡាវ​ជាដើម​»​។

​យ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ខិតខំ​កសាង​ប្រភព​ថាមពល​ជាច្រើន​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ធ្វើការ​ផ្គត់ផ្គង់​អគ្គិសនី​ជួន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​។

​យោង​តាម សេចក្តី​ប្រកាស​ព័ត៌មាន ជុំវិញ​លទ្ធផល​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់ ក្រសួង​រ៉ែ​និង​ថាមពល​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១១-១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ​កន្លង​ទៅ​នេះ​បាន​ដឹង​ថា​ នៅ​ឆ្នាំ​២០២០​នេះ​ក្រសួង​នឹង​ខិតខំ​ជំរុញ​បញ្ចប់​ការសាងសង់​គម្រោង​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ ​២០​មេ​ហ្គា​វ៉ា​ត់​ ខេត្ត​ពោធិ៍សាត់ ៣០​មេ​ហ្គា​វ៉ា​ត់ ក្រុង​បាវិត ២០​មេ​ហ្គា​វ៉ា​ត់ ខេត្ត​បាត់ដំបង​៦០ ​មេ​ហ្គា​វ៉ា​ត់ ​ខេត្ត​បន្ទាយ​មាន​ជ័យ ៣០​មេ​ហ្គា​វ៉ា​ត់​និង​ជំរុញ​ការសាងសង់​គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ប្រេង​ខ្មៅ​និង​ឧស្ម័ន​ចំនួន​៤០០​មេ​ហ្គា​វ៉ា​ត់​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២០​នេះ​ផង​ដែរ​៕

អត្ថបទ៖ ​សំអឿន​