ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នមួយខែទៀត ទោះរកមិនឃើញករណីឆ្លងថ្មី

រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះបានសម្រេចបន្តការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយខែទៀត ពោលគឺរហូតទាល់តែផុតខែមិថុនា បើទោះបីជាគ្មានករណីឆ្លងកូវីដ១៩ថ្មីត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះក៏ដោយ។

លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ Covid-19 បាននិយាយថា ការពង្រីកពេលគ្រាអាសន្ននេះគឺជាការចាំបាច់ដើម្បីអនុញ្ញាតឱ្យវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់វីរុសរបស់នាយករដ្ឋមន្រ្តីត្រូវបានអនុវត្តបានឆាប់រហ័ស និងមានប្រសិទ្ធភាព ហើយម្យ៉ាងទៀតស្ថានភាពពិភពលោកក៏នៅមិនទាន់ស្ថិតស្ថេរដែរ។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតថាវិធានការណ៍រឹតបន្តឹងណាខ្លះដែលនឹងនៅតែត្រូវអនុវត្តសម្រាប់មួយខែទៀតឡើយ។ បម្រាមគោចរនៅពេលយប់ និងបម្រាមលើការជួបជុំធំៗ បច្ចុប្បន្ននៅតែត្រូវបានអនុវត្តនៅឡើយក្រោមច្បាប់នៃគ្រាអាសន្ននេះ។

ភ្លាមៗក្រោយការប្រកាស មេដឹកនាំក្រុមប្រឆាំងជាច្រើនបានរិះគន់ ចំពោះការពន្យារពេលនេះដែលពួកគេសង្ស័យថានាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កំពុងតែកេងចំណេញដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។

តួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសថ្ងៃបានធ្លាក់ចុះក្រោម ១០ រយៈពេលពីរសប្តាហ៍កន្លងមកហើយ ខណៈដែលតួលេខឆ្លងសរុបមានចំនួន ៣០៣៧ ករណី។

ទោះបីជារដ្ឋាភិបាលធ្លាប់បាននិយាយថាវ៉ាក់សាំងសម្រាប់ Covid-19 អាចនឹងមាននៅឆ្នាំក្រោយក៏ដោយ តែលោក Taweesin និយាយថាមានតែវ៉ាក់សាំងមួយចំនួនតូចប៉ុណ្ណោះដែលនឹងអាចផលិតបាននៅចន្លោះឆ្នាំក្រោយនោះ ខណៈការផលិតវ៉ាក់សាំងឲ្យគ្រប់គ្រាន់សម្រាប់ពិភពលោកនឹងចំណាយពេលពីរឆ្នាំ។

គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃនៅសល់អ្នកជំងឺ ៧១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺ ២៩១០ នាក់ទៀតបានជាសះស្បើយ និង ៥៦នាក់បានស្លាប់ ៕

ចុចអាន៖ ស្ងាត់ៗ ថៃប្រកាសតេស្តវ៉ាក់សាំងកូវីដ ១៩ លើសត្វស្វា ក្រោយជោគជ័យលើសត្វកណ្តុរ

ចុចអាន៖ សេដ្ឋកិច្ចថៃធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ក្រោយឆ្លងកាត់ត្រីមាសអាក្រក់បំផុត ក្នុង​រយៈពេល៨ឆ្នាំចុងក្រោយ

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖khaosod