ក្រុមហ៊ុន Ericsson នឹង​បង់​ប្រាក់​សំណង​១​ពាន់​លាន​ដុល្លារ ​ជុំវិញ​ការចោទប្រកាន់​ករណី​សូកប៉ាន់

ក្រសួងយុត្តិធម៌​អាមេរិក​បានប្រកាស​កាល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ក្រុមហ៊ុន​ទូរគមនាគមន៍ Ericsson របស់​ស៊ុយអែត​បាន​យល់ព្រម​បង់ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​ពីបទ​ស៊ីសំណូក​នៅ​អាស៊ី និង​មជ្ឈិមបូព៌ា​។​

ជាមួយគ្នានេះ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​អេ​ហ្ស៊ី​ប​ក៏បាន​សារភាព​កំហុស​នៅឯ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ញូវយ៉ក​ពីបទ​ចោទប្រកាន់​រឿង​សមគំនិត​ក្នុងការ​រំលោភបំពាន​ច្បាប់​ពុករលួយ​បរទេស​ឆ្នាំ​១៩៧៧ ផងដែរ​។​

លោក Brian Benczkowski ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ក្រសួងយុត្តិធម៌​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុមហ៊ុន Ericsson មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប និង​មាន​រយៈពេល​១៧​ឆ្នាំ ហើយ​បាន​ប្រព្រឹត្តិ​យ៉ាងហោចណាស់​នៅ​ប្រទេស​ចំនួន​៥ ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ប្រាក់ចំណេញ”។

ច្បាប់​សហរដ្ឋអាមេរិក​ផ្តល់​យុត្តាធិការ​លើ​អំពើពុករលួយ​ដែល​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន​នានា​ដែល​ភាគហ៊ុន​របស់ខ្លួន​ត្រូវបាន​លក់​នៅលើ​ផ្សារ​ហ៊ុន​អាមេរិក ឬ​ប្រសិនបើ​បទឧក្រិដ្ឋ​នេះ​ប៉ះពាល់​ដល់​ដែនដី ឬ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា ព្រះរាជអាជ្ញា​អះអាងថា​នៅ​ចន្លោះ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ខាងលើ​បាន​ចូលរួម​ក្នុង​គម្រោង​បង់ប្រាក់​សំណូក ការ​ក្លែងបន្លំ​សៀវភៅ និង​កំណត់ត្រា​របស់ខ្លួន និង​បាន​ធានាថា​មន្ត្រី​ក្រុមហ៊ុន​ទាំងអស់​បាន​បិទ​ភ្នែក​បិទ​ច្រមុះ​ចំពោះ​អំពើពុករលួយ​នេះ​។ អំពើពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា Djibouti ចិន វៀតណាម ឥណ្ឌូណេស៊ី និង​គុយវែត​។​

ក្នុងចំណោម​ឧទាហរណ៍​ផ្សេងទៀត ក្រុមហ៊ុន Ericsson បាន​សារភាព​ថា ​ក្នុង​ឆ្នាំ​ទាំងនោះ ក្រុមហ៊ុន​បាន​បញ្ជូន​ប្រាក់​រាប់សិប​លាន​ដុល្លារ​តាមរយៈ​អ្នកពិគ្រោះ​យោបល់ និង​អ្នកផ្តល់​សេវាកម្ម​នៅក្នុង​ប្រទេស​ចិន ដោយ​បង្កើត​មូលនិធិ​សម្ងាត់​ខាង​នយោបាយ​ដើម្បី​ចំណាយ​ខ្ជះខ្ជាយ​ចំពោះ​អំណោយ​ដែល​ទទួលបាន ការធ្វើដំណើរ និង​ការកម្សាន្ត​ទៅលើ​មន្ត្រី​បរទេស​ដើម្បី​យកឈ្នះ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114