ប្រមូលផ្ដុំស្ថានភាពចុងក្រោយនៅអឺរ៉ុបជុំវិញវិបត្តិកូវីដ-១៩

ប្រសិនបើលោកអ្នកនៅមិនទាន់បានអាននិងជ្រាបពីស្ថានភាពរបស់បណ្ដាប្រទេសនានាដែលរងគ្រោះដោយសារវីរុសកូវីដ-១៩ នៅអឺរ៉ុបទេ ទីនេះ KPT Plus នឹងធ្វើការសង្ខេបជូនដូចតទៅ៖

ប្រទេសអេស្តូនី៖ មានករណីស្លាប់ដំបូងបង្អស់របស់ប្រទេសត្រូវបានបញ្ជាក់កាលពីថ្ងៃពុធដោយអ្នកជំងឺអាយុ ៨៣ ឆ្នាំម្នាក់បានស្លាប់នៅក្នុងក្រុង Tallinn។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបក្នុងប្រទេសមាន ៤០៤ ករណី ស្លាប់ ១ នាក់ និងជាសះស្បើយ ៨ នាក់។

ប្រទេសដាណឺម៉ាក៖ គណៈកម្មការអឺរ៉ុបបានអនុម័តគម្រោងទឹកប្រាក់ ១,៣ ពាន់លានអឺរ៉ូដុល្លារ (១,៤១ ពាន់លានដុល្លារ) ឲ្យទៅប្រទេសនេះដើម្បីកាត់បន្ថយភាពវឹកវរនៃសេដ្ឋកិច្ចដែលកំពុងប្រឈម។ ការអនុម័តក្រោមជំនួយរបស់សហភាពអ៊ឺរ៉ុបអាចនឹងជួយផ្តល់ប្រាក់សំណងឲ្យបុគ្គលិកការងារបាន ៧៥ % ក្នុងរយៈពេល ៣ ខែដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលដល់ ៣ ពាន់អឺរ៉ូក្នុងមួយខែ។ តួលេខចុងក្រោយនៃអ្នកឆ្លងវីរុសមានចំនួន ១ ៨៦២ នាក់ មានអ្នកស្លាប់ចំនួន ៣៤ នាក់ និងជាសះស្បើយចំនួន ៤១ នាក់។

ប្រទេសហ្វាំងឡង់៖ នាយករដ្ឋមន្រ្តីបានប្រកាសពីការរឹតបន្តឹងថ្មីដោយហាមប្រាមការធ្វើដំណើររវាងតំបន់ Uusimaa ដែលរួមមានរដ្ឋធានី Helsinki និងប្រទេសដទៃទៀត។ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃសុក្រស្អែក និងបន្តរយៈពេលរហូត ៣ សប្តាហ៍ លើកលែងតែការធ្វើដំណើរចាំបាច់ប៉ុណ្ណោះ។ តាមការប៉ាន់ស្មានអ្នកជំងឺកូរ៉ូណា ២ ភាគ ៣ នៃប្រទេសហ្វាំងឡង់គឺស្ថិតនៅក្នុងតំបន់ Uusimaa ។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបចំនួន ៨៨០ នាក់ ករណីស្លាប់ ៣ នាក់ និងបានជាសះស្បើយ ១០ នាក់។

ប្រទេសបារាំង៖ អាកាសយានដ្ឋានទីក្រុងប៉ារីស Orly នឹងបិទនៅថ្ងៃទី ៣១ ខែមីនារហូតដល់មានការជូនដំណឹងបន្ថែម។ ដោយឡែកសេវារថភ្លើងក្រោមដីនិងផ្លូវដែកនៅរដ្ឋធានីរបស់បារាំងនិងនៅតាមជាយក្រុងជុំវិញនោះនឹងត្រូវកាត់បន្ថយជើងរត់។ រីឯការចាក់សោទូទាំងប្រទេសនៅតែបន្ត។ ប្រធានាធិបតី Emmanuel Macron បានប្រកាសថា កងទ័ពនឹងត្រូវដាក់ពង្រាយនៅព្រំដែនបរទេសដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។ កងកម្លាំងបារាំងទាំងអស់នៅអ៊ីរ៉ាក់ក៏នឹងត្រូវដកនិងបញ្ជូនទៅផ្ទះដែរដើម្បីទប់ស្កាត់ការចម្លងនៃវីរុស។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបចំនួនមាន ២៥ ៦០០ នាក់ អ្នកស្លាប់មាន ១ ៣៣៣ នាក់ និងមានមនុស្ស ៣ ៩០៧ នាក់បានជាសះស្បើយ។

ប្រទេសអ៊ីតាលី៖ អត្រាអ្នកឆ្លងថ្មីបានថយចុះ៤ ថ្ងៃជាប់ៗគ្នាដោយសារវិធានការទប់ស្កាត់ការបិទទ្វារយ៉ាងតឹងរឹងរបស់ប្រទេសនេះមានប្រសិទ្ធិភាព។ ប៉ុន្តែអត្រាអ្នកស្លាប់កើនឡើង រហូតធ្វើឲ្យប្រទេសនេះមានអ្នកជំងឺស្លាប់ច្រើនជាងប្រទេសដទៃទៀតទាំងអស់។ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានសន្យាថា យ៉ាងហោចណាស់ទឹកប្រាក់ ២៥ ពាន់លានអឺរ៉ូ(២៧,១៧ ពាន់លានដុល្លារ) នឹងត្រូវផ្ដល់ជាកញ្ចប់ថវិកាទី ២ ដើម្បីជំនួយប្រទេស។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបមាន ៧៤ ៣៨៦ នាក់ អ្នកស្លាប់មាន ៧ ៥០៣ នាក់ និងជាសះស្បើយមាន ៩ ៣៦២ នាក់។

ប្រទេសរុស្ស៊ី៖ មនុស្សវ័យចំណាស់ពីរនាក់បានស្លាប់ជាដំបូងដោយសារវីរុសកូវីដ-១៩ នៅថ្ងៃនេះ។ លោកវ្ល៉ាឌីមៀពូទីនបានពន្យារពេលការធ្វើប្រជាមតិទូទាំងប្រទេសនៅថ្ងៃទី ២២ ខែមេសាស្តីពីការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដែលនឹងត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំរុស្ស៊ីឱ្យកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦។ តួលេខចុងក្រោយនៃករណីឆ្លងសរុបមាន ៦៥៨ ករណី មានមនុស្សស្លាប់ ៣ នាក់ និងបានជាសះស្បើយ ២៩ នាក់។

ប្រទេសស្លូវ៉ាគី៖ សភាបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយដែលអនុញ្ញាតឱ្យរដ្ឋទទួលបានទិន្នន័យទីតាំងទូរសព្ទចល័តរបស់ប្រជាជនដែលឆ្លងវីរុសកូវីដ-១៩ និងតាមដានការធ្វើដំណើរបស់ពួកគេក្នុងពេលកំពុងស្ថិតនៅដាច់ដោយឡែក។ រដ្ឋាភិបាលស្លូវ៉ាគីបាននិយាយថា ទិន្នន័យនេះនឹងមានសម្រាប់តែអាជ្ញាធរសុខាភិបាលរបស់រដ្ឋប៉ុណ្ណោះ ហើយវិធានការនេះនឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបមានចំនួន ២១៦ នាក់ បានជាសះស្បើយ ៧ នាក់ និងេពុំមានអ្នកស្លាប់ទេ។

ប្រទេសអេស្ប៉ាញ៖ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសបានកើនលើសប្រទេសចិន នេះបើយោងតាមតួលេខដែលចេញផ្សាយដោយអាជ្ញាធរ។ អេស្ប៉ាញស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសអ៊ីតាលីដែលជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេដោយសារជំងឺកូរ៉ូណា។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបមានចំនួន ៤៩ ៥១៥ អ្នកស្លាប់មានចំនួន ៣ ៦៤៧ នាក់ និងបានជាសះស្បើយចំនួន ៥ ៣៦៧ នាក់។

ចក្រភពអង់គ្លេស៖ រាជទាយាទរបស់ចក្រភពអង់គ្លេសគឺព្រះអង្គម្ចាស់ Charles នៃប្រទេសវែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែខណៈនេះទ្រង់កំពុងបង្ហាញរោគសញ្ញាស្រាលនៅឡើយទេ។ តួលេខចុងក្រោយនៃអ្នកឆ្លងសរុបមានចំនួន ៩ ៦៤០ នាក់ មានអ្នកស្លាប់ចំនួន ៤៦៦ នាក់និងមានមនុស្ស ១៤០ បានជាសះស្បើយ៕

ចុចអាន៖ WHO ព្រមានបណ្តាប្រទេសនានាមិនត្រូវទុកឱកាសឱ្យវីរុសកូវីដ-១៩ ត្រួតត្រាឡើយ

ប្រែសម្រួល៖ សន្យា