ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្លាយ​ដំណឹង អ៊ី​វ៉ា ​ត្រៀម​ចូល​រោងការ​ ខណៈ​សាមីខ្លួន ​​ធ្លាប់អះអាងថា​ មិនទាន់​ចង់​បាន​ប្តី

ភ្នំពេញ ​៖ ​បុប្ផា​រីក​ក្លិន​សាយ​លម្អង ​មកពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ កញ្ញា អ៊ី​វ៉ា ស្រប​ពេលដែល​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​នាង​ហាក់​មាន​ភាពស្ងប់ស្ងាត់​អស់​មួយរយៈ​ធំ​នោះ​ ពេលនេះ ​ក៏​ស្រាប់តែ​លេចឮ​ដំណឹង​តាម​ខ្យល់ជំនោរ​ថា ​ស្រី​ស្រស់ អ៊ី​វ៉ា បាន​រក​ឃើញ​គូ​កំណាន់ចិត្ត​ ត្បិត​ពេលនេះ​ក៏មាន​តម្រុយ​ចូល​រោងការ​ឆាប់ៗ​ផង​នោះ​។

ដំណឹង​នេះ​ ត្រូវបាន​បែកធ្លាយ​យ៉ាង​ភ្ញាក់ផ្អើល​រហូត​មានការ​ចុះផ្សាយ​នៅ​លើ​បណ្ដាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​ ដោយបាន​និយាយថា​ ឪពុក​របស់​តារា​ស្រី​វ័យក្មេង​ កញ្ញា អ៊ី​វ៉ា ពេលនេះ​លែង​ព្រួយបារម្ភ​ចំពោះ​ការធ្វើ​អង្គរក្ស​ដើរ​តាម​ការពារ​កូនស្រី​ដូច​មុនៗ​ទៀតហើយ ​ខណៈដែល​នាង​សម្រេច​ជ្រើស​រើសយក​បុរស​ដែល​សក្ដិសម​ម្នាក់​ធ្វើ​គូ​អនាគត​។​ ប៉ុន្តែ​ចំពោះ​អត្តសញ្ញាណ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ស្គាល់​ជា​សាធារណៈ​នោះ​ទេ​។

ប្រភព​បាន​បន្ត​ថា ​ការ​សម្រេចចិត្ត​ផ្ទុយ​ពី​ការ​អះអាង​របស់​ខ្លួន​នា​ពេល​កន្លង​មក​នោះ, ​ទំនង​ជា​​កញ្ញា អ៊ី​វ៉ា ​មើល​ឃើញ​មួយរយៈ​ចុងក្រោយ​នេះ​ ពោល​គឺ​អំឡុង​ឆ្នាំ​២០១៩​ មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​ជាច្រើន​គូ​ បាន​ចាប់ដៃគ្នា​សាង​សុភមង្គល​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​ បញ្ចប់​ភាព​នូវ​លីវ​ ដើម្បី​សាង​គ្រួសារ​រៀងៗ​ខ្លួន។

ទាក់ទង​នឹង​ដំណឹង​ នៃ​គម្រោង​ចូល​រោងការ​របស់​តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ កញ្ញា អ៊ី​វ៉ា ខាង​លើ​នេះ​ កម្ពុជា​ថ្មី ​នៅ​រសៀល​ថ្ងៃទី​០៣ ខែធ្នូ​ ឆ្នាំ​២០១៩ ​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​សាមី​ខ្លួន​ កញ្ញា អ៊ី​វ៉ា ជុំវិញ​ព័ត៌មាន​ចាប់អារម្មណ៍​នេះ​បានទេ​។​ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី ​កញ្ញា អ៊ី​វ៉ា ក្នុង​ជំនួប​ជាមួយ​កម្ពុ​ជាថ្មី​កាលពីពេល​កន្លងទៅ ​នាង​បានប្រកាស​ជំហរ​ថា ​បញ្ហា​ស្នេហា​នាង​មិនទាន់​គិតគូរ​ដល់​រឿង​នេះ​ឡើយ។

កញ្ញា អ៊ី​វ៉ា បាន​បន្ថែមថា ​ករណី​មិនទាន់​ជ្រើស​យក​គូ​អនាគត​នេះ​ ដោយសារតែ​ចង់​ទុក​ពេល​ពង្រឹ​ង​សមត្ថភាព​រកស៊ី​ និង​អាជីព​សិល្បៈ​ឲ្យ​រឹងមាំ​រយៈពេល​៣ ​ឬ​៤​ឆ្នាំ​ទៀត​សិន​។ ​ចំណែកឯ​បុរស​ដែល​នាង​ត្រូវ​ជ្រើស​យក​ធ្វើ​ស្វាមី​នាពេល​អនាគត ​គឺ​សម្រេច​លើ​លោក​ឪពុក​របស់​ខ្លួន​ជា​អ្នក​ទុកដាក់​ដែល​ជា​សិទ្ធិ​ឯកភាព​គ្នា​រវាង​នាង​ និង​លោកឪពុក​ជាទី​ស្រលាញ់​៕


អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114