ព្រឹត្តិការណ៍​កីឡា​លើ​ភ្នំ​ដងរែក “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​”​ នឹង​ចាប់ផ្ដើម​នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើ​ភ្នំ​ដងរែក​ដែល​ប្រសិទ្ធិ​នាម​ថា “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​២ នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ទាក់ទាញ និង​ពង្រីក​សក្ដានុពល​ឲ្យ​កាន់តែ​កក្រើក​នៅ​លើ​អតីត​ទឹកដី​នៃ​ការ​តស៊ូ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។

​ព្រឹត្តិការណ៍​កីឡា ទេសចរណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” នៅ​លើ​ភ្នំ​ដងរែក ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ការ​ចាប់​ផ្ដើម​លើក​ទី​២ សម្រាប់​ស្រុក​អន្លង់វែង ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព នៅ​ក្នុង​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ព្យាយាម​តម្រង់​ការចាប់អារម្មណ៍ ទៅលើ​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ របស់​អន្លង់វែង និង​ទៅលើ​ចំណុច​គោល​នៃ​សន្តិភាព សន្តិសុខ និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​។

​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​លើ​ភ្នំ​ដងរែក “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​២ នឹង​ត្រូវ​បង្កើន​រយៈពេល​រហូតដល់​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​០៩ ខែ​កុម្ភៈ ដោយ​លោក​មានប្រសាសន៍ថា ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​បន្ថែម​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្ត និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សហការ​គ្នា ដោយមាន​ភាគី​ថៃ​ចូលរួម​ដែរ​នោះ នឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នៅ​តំបន់​តស៊ូ​ចុងក្រោយ​នៃ របប​ខ្មែរក្រហម​មួយ​នេះ កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត ។

ព្រឹត្តិការណ៍​នេះ​កំពុង​វិវឌ្ឍ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ដោយ​កាលពី​លើក​ទី​១​ឆ្នាំ​២០១៩ ដែល​ជា​ការ​ចាប់​ផ្ដើម​ដំបូង ព្រឹត្តិការណ៍ “​ថ្មើរ ជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ខេត្ត​ឧ​ត្ត​រ​មានជ័យ នេះ​មាន​លក្ខណៈ​តូច​ចង្អៀត ប៉ុន្តែ​ឆ្នាំ​ទី​២ ដែល​គ្រោង​នឹង​ធ្វើ​នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នឹង​កាន់តែ​ធំ និង​ទាក់ទាញ​ពី អ្នក​ចូលរួម កាន់​តែ​ច្រើន ដែល​មាន​រយៈពេល​វែង​ជាង​មុន និង មាន​សកម្មភាព​ច្រើនជាង​មុន ដោយ​តាម​ការ​គ្រោង​ទុក​នឹង​មាន​អ្នក​រត់​ចូលរួម​ប្រមាណ​១.៥០០​នាក់ ក្នុង​នោះ​អ្នក​រត់​មកពី​ប្រទេស​ថៃ មាន​ចំនួន​៧៥០​នាក់ ។ ក្រៅ​ពី​នេះ​នឹង​មាន​ការ​ជិះ​កង់​កម្សាន្ត​១០​គីឡូម៉ែត្រ ដែល​មាន​ចន្លោះ​៧០០​ទៅ​៨០០​នាក់ ក្នុង​នោះ​អ្នក​ជិះ​កង់​មកពី​ថៃ ប្រមាណ​៣០០​នាក់​ផង​ដែរ ។

​លោក​បន្ថែម​ថា យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំនេះ​ធំ​ជាង​ឆ្នាំមុន តាមរយៈ​ការ​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ ជាពិសេស​គឺ​យើង​នឹង​បញ្ចៀស​ការ​ផ្សព្វផ្សាយ​ទៅតាម​ស្ថានទូត​នានា តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ការចូលរួម​ផង​ដែរ ។

ព្រឹត្តិការណ៍​កីឡា​-​ទេសចរណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ឆ្នាំ​ទី​២​នេះ នឹង​រៀបចំ​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយសារ​ការ​គាំទ្រ​និង​ចូលរួម​កាន់​តែ​ច្រើន ជាពិសេស​គឺ​យើង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ពី​មួយ​ព្រឹត្តិការណ៍​ទៅ​មួយ​ព្រឹត្តិការណ៍​ឲ្យ​មាន​ភាព​ប្លែក​និង អស្ចារ្យ ។​យើង​មើល​ទៅលើ​លទ្ធភាព​នៃ​ការរៀបចំ ដោយ​ក្រៅ​អំពី​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ អាជ្ញាធរ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជា​ម្ចាស់ផ្ទះ គឺ​យើង​តែងតែ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម តាមរយៈ​ការរៀបចំ​ទីតាំង​លក់ដូរ​ផលិតផល ការរៀបចំ​សិល្បៈ​កម្សាន្ត​ជាដើម ហើយ​នៅ​ថ្ងៃ​ចុងក្រោយ នឹង​មាន​ការ​បាញ់​កាំ​ជ្រួច​អបអរ​ទិវា​នេះ ឲ្យ​កាន់តែ​គគ្រឹកគគ្រេង​ផង​ដែរ » ។

លោក វ៉ា​ត់ ចំរើន អះអាង​ថា តាម​គោលដៅ​របស់​គណៈកម្មការ​រៀបចំ គឺ​នឹង​ពង្រីក​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​ធំ​ឡើង​បន្ថែម​ទៀត នា​ឆ្នាំ​បន្តបន្ទាប់ ដោយ​គ្រោង​នឹង​ពង្រីក​វិញ្ញាសា​ថ្មើរ ជើង​ប្រវត្តិសាស្ត្រ​នេះ ពី​៤​គីឡូម៉ែត្រ​ទៅ​១០​គីឡូម៉ែត្រ ឬ​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ ហើយ​ដោយ​នៅក្​នុង​ស្រុក​អន្លង់វែង​នេះ មាន​តំបន់​ទាក់ទាញ​ច្រើន ដែល​អាច​រៀបចំ​ទិវា​រត់​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ (Ultra Trail) លក្ខណៈ​ផ្សងព្រេង​ពី​ខាងក្រោម​មកដល់​លើ​កំពូលភ្នំ​ដង​រែង​នៃ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ។

​សូម​បញ្ជាក់​ថា អន្លង់វែង​គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម ប៉ុន្តែ​តំបន់​នេះ​ក៏​ជា​ចំណុច​របត់​និមិត្តរូប​មួយ​នៃ​ការ​ងើប​ចេញពី​អតីតកាល​ដ៏​សោកសង្រេង​របស់​កម្ពុជា​ដែរ ។ ការ​ធ្វើ​សមាហរណកម្ម​របស់​តំបន់​នេះ គឺ​មានន័យ​ស្មើនឹង​ការ​ចាប់​ផ្ដើម​សាជាថ្មី សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​ដែរ ដែល​បាន​បញ្ចប់​នូវ​រយៈកាល​ជាង​បី​ទសវត្សរ៍​នៃ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​។

​អន្លង់វែង​បង្កប់​នូវ​ភាព​អាថ៌កំបាំង​ដំណើរ​ផ្សងព្រេង សម្រស់​ធម្មជាតិ និង ហានិភ័យ​ខ្លះៗ​ដែរ​។ តំបន់​នេះ​ធ្លាប់​ជា​ចំណុច​ជួរមុខ​នៃ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​តំបន់​ព្រៃស្រោង មួយ ចំនួន​នៅតែ​មិន​អាច​ចូល​ទៅ​ដល់​ដោយសារតែ​គ្រាប់មីន​ជាដើម​។ សៀវភៅ​មគ្គុទ្ទេសក៍​មុនៗ​បាន​ពណ៌នា​ពី​តំបន់​អន្លង់វែង​ថា ជា​គោលដៅ​នៃ​ដំណើរ​ផ្សងព្រេង​យ៉ាង​ប្រថុយប្រថាន ដោយ តំបន់​នេះ​បែរជា​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព និង​សន្តិភាព ដែល​មិន​នឹកស្មាន​ដល់ ៕


អត្ថបទ៖ ​វិ​សិទ្ធ​