BREAKING NEWS
Search

​២៨​កុម្ភៈ​ប្រកាស​សាលក្រម​រឿងក្ដី​ចិន​ចាប់​ចិន​រំលោភ ​ជំរិត​ទារប្រាក់​

ភ្នំពេញ​៖ ​រឿងក្ដី​ក្រុម​ម៉ាហ្វីយ៉ា​ចិន​៥​នាក់ ​ចាប់​បង្ខាំង​ស្ត្រី​ចិន​៥​នាក់​រំលោភ​ផ្លូវភេទ និង​ជំរិត​ទារប្រាក់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចៅក្រម​សាលាដំបូង​លើកយក​មក​កាត់ទោស ​នា​ថ្ងៃទី ១៤​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ចំពោះមុខ​ជនជាប់ចោទ​តែ​២​នាក់​ប៉ុណ្ណោះ ។​

ជនជាប់ចោទ​ដែល​តុលាការ​នាំមក​កាត់ទោស​នេះ​ទី​១​ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ទី​២ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ។ ​តុលាការ​ បាន​ចោទប្រកាន់​បុរស​ចិន​ទាំង​២​នាក់​ពីបទ​ « រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ និង​ការចាប់​ឃុំឃាំងបង្ខំ​ដោយ​ខុសច្បាប់​ ​មាន​ស្ថាន​​ទម្ងន់​ទោស​ប្រព្រឹត្ត​នៅ​ចំណុច​ហាង​ថា​ត​ឌឺ​ង ផ្លូវ​លេខ​១១០ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំ​ពេញ និង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ​២០~២១​មេសា ឆ្នាំ​២០១៩ តាម​មាត្រា ២៤៣ និង​មាត្រា​ ២៥៤ ​នៃ​ក្រម​ព្រហ្មទ័ណ្ឌ​។​

​សំណុំរឿង​បទឧក្រិដ្ឋ​នេះ​ ​ដំបូង​ឡើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ចំនួន​៣​នាក់​ រួមមាន​ឈ្មោះ Guo Yuwei ​អាយុ​៣១​ឆ្នាំ ទី​២៖ ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ។ ប៉ុន្តែ​ក្នុង​នីតិវិធី​ស៊ើបសួរ​របស់​ចៅក្រម​ លោក​ចៅក្រម ​​ហម ម៉េង​សែ បាន​ដោះលែង​ឈ្មោះ Li Hongjie ជា​មេ​ខ្លោង​ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​នៅសល់​តែ​ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ និង ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ ប៉ុណ្ណោះ ដែល​តុលាការ​យកមក​កាត់ទោស។

​នៅក្នុង​សវនាការ ឈ្មោះ Guo Yuwei ជា​អ្នកបើករថយន្ត​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព​នៅ​ថ្ងៃកើតហេតុ បាន​សារភាពថា ​ខ្លួន​ជា​អ្នកបើកបរ​ឲ្យ​បក្សពួក ដូច្នេះ​ខ្លួន​មិនដឹង​មានរឿង​អ្វីខ្លះ​កើតឡើង​ក្នុងពេល​ធ្វើដំណើរ​ទេ​។ ជននេះ​បាន​បញ្ជាក់ថា​នៅ​ថ្ងៃកើតហេតុ​ ខ្លួន​មាន​បក្សពួក​៥​នាក់ មានឈ្មោះ កឺ តុង ឈ្មោះ ឆាវ​តុង​ ឈ្មោះ​ Li Xiaoxiang និង​ឈ្មោះ Li Hongjie ​បាន​ទៅ​ស៊ី​ផឹក​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង ថា​ត​ឌឺ​ង ក្រោយមក​បក្សពួក​ខ្លួន​បាន​នាំ​នារី​ខារ៉ាអូខេ​៥​នាក់​ឡើង​ជិះ​រថយន្ត​ធ្វើដំណើរ​ទៅ​វាលរេញ​ ​ដោយ​បក្សពួក​របស់ខ្លួន​បាន​ឲ្យ​ឈប់​រថយន្ត​នៅ​កណ្ដាលផ្លូវ​ ហើយ​ពួកគេ​បាន​ចាប់រំលោភ​ស្រីៗ​ទាំងនោះ​នៅ​កន្លែង​ស្ងាត់​មួយ​ ទើប​ធ្វើដំណើរ​ទៅដល់​កន្លែង​មួយទៀត​។ ​បក្សពួក​របស់​ខ្លួន​ក៏​ឲ្យ​ឈប់​រថយន្ត​ ហើយ​ទម្លាក់​ស្រីៗ​ខារ៉ាអូខេ​៣​នាក់​នៅ​ពាក់​កណ្ដាល​ផ្លូវ ​ទុក​ស្រីៗ​២​នាក់​ធ្វើដំណើរ​មក​ខេត្ត​ព្រះសីហនុ​យក​មក​បង្ខាំង​ទុក​ក្នុង​សណ្ឋាគារ​មួយ​គំរាម​ជំរិត​ទារ​ប្រាក់ លុះ​ដល់​ថ្ងៃទី​២២​មេសា ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​បាន​៣​នាក់ និង​រំដោះ​នារី​រងគ្រោះ​ក្នុង​ពេលនោះ​ទៅ។ ចំ​ណែក​ឈ្មោះ​ ​Li Xiaoxiang ​ក៏បាន​ឆ្លើយ​សារភាព​ដូចគ្នានេះ​ផងដែរ​។​

​ក្រោយ​បញ្ចប់​សវនាការ​ តំណាង​អយ្យការ​បានធ្វើ​សេចក្ដីសន្និដ្ឋាន​រក្សាទុក​បទចោទប្រកាន់​លើ​ក្រុម​បុរស​ចិន​ដដែល​និ​ង​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក​ ​​រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ​បានកំណត់​យក​ថ្ងៃទី ២៨​កុម្ភៈ ឆ្នាំ​២០២០ ​ខាងមុខ​ដើម្បី​ប្រកាស​សាលក្រម។​

​សូម​រំលឹកថា ​លោក ហម ម៉េង​សែ ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ​បានចេញ​ដីកាឃុំខ្លួន​ ជនជាតិ​ចិន​៣​នាក់ ដាក់​ពន្ធនាគារ ករណី​បង្ខាំង​នារី​ខារ៉ាអូខេ​៥​នាក់​ជា​ជនជាតិ​ចិន ដើម្បី​រំលោភ​សេពសន្ថវៈ​និង​ជំរិត​ទារប្រាក់។

​របាយការណ៍​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យ​រួមមាន​ទី​១៖ ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ទី​២៖ ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ឧក្រិដ្ឋ​ជា​ជនជាតិ​ចិន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​ករណី ចាប់​នារី​ខារ៉ាអូខេ​ជា​ជន​ជាតិចិន​ដូចគ្នា​៥​នាក់ យកទៅ​រំលោភ​សេពសន្ថវៈ និង​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​ទៅ​លាក់ទុក​នៅ​ទីនោះ ។​

​ពេល​ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​រឹបអូស​រថយន្ត​១​គ្រឿង​ម៉ាក​ស្តា​រិច ជា​មធ្យោបាយ​ធ្វើ​សកម្មភាព បាន​បញ្ជូនមក​ជាមួយ​ដែរ។​

​ចំណែក​នារី​ជនជាតិ​ចិន​៣​នាក់​ក្នុងចំណោម​៥​នាក់ ដែល​ជនជាតិ​ចិន​ដូចគ្នា​ចាប់​យកទៅ​ជំរិត​ទារប្រាក់ ត្រូវបាន​ឧក្រិដ្ឋជន​ដោះលែង​ឲ្យ​ត្រឡប់​មកវិញហើយ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងែ​ទី​២១ ខែមេសា ២០១៩ នៅលើ​ទឹកដី​ខេត្តកំពត បន្ទាប់ពី​ត្រូវគេ​ចាប់​បង្ខាំង​រំលោភ​ដើម្បី​ជំរិត​ទារ​ប្រាក់​ ។​

​កាលពី​យប់​ថ្ងៃទី​២០ ខែមេសា មាន​បុរស​ជា​ជន​ជាតិចិន​១​ក្រុម​មាន​គ្នា ៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​៥ ចេញ​ពី​ហាង​បាយ ថា​ត​ឌឺ​ង ​​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ពេលនោះ​ជន​សង្ស័យ​បាន​ប្រាប់​ពួកនាង​ថា ​នាំទៅ​ច្រៀង​ខារ៉ាអូខេ​ យីហោ តុង​ហ្វាំ​ង​ម៉េង​ជូ ​។ បន្ទាប់ពី​នារី​ទាំង​៥​នាក់ ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ខ្មៅ ​គ្មាន​ស្លាក ​លេខ​រួចហើយ ​ជនសង្ស័យ​បាន​ដឹក​ពួកនាង ចេញពី​ភ្នំ​ពេញ ឡើង​ភ្នំ​មួយ​ដែល​ពួកគេ​មិន​អត់​ស្គាល់ រួច​បានធ្វើ​សកម្មភាព​គំរាម​កំហែង​ ដក​យក​ប្រាក់​ពួក​នាង​អស់ពី​ខ្លួន សរុប​ជាង​៤ ០០០ ដុល្លារ​អាម៉េរិក។

ជាងនេះទៀត​ជនសង្ស័យ​បាន​បង្ខំ​ដោយ​រំលោភ​សេពសន្ថវៈ​នាង នៅក្នុង​រថយន្ត​ដែល​នៅក្បែរ​ស្រះ​ទឹក​មួយ ចំណែក​ឈ្មោះ Huang Shuang Giong មិនត្រូវ​រំលោភ​ទេ នៅពេល​ជនល្មើស​បាន​ដឹក​ពួកនាង​ដល់​ក្រុង​កំពត​វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនសង្ស័យ​បាន​ទាញ​ជនរងគ្រោះ ៣ នាក់​នេះ​ទម្លាក់​ចុះ ចំណែក​នារី​២​នាក់​ទៀត​កំពុង​ស្ថិតក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន រហូតមកដល់រ​សៀ​ស​ថ្ងៃទី​២១ ខែមេសា ។ ​លុះដល់​ថ្ងៃទី ២២​មេសា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ពួកឧក្រិដ្ឋជន​បាន​៣​នាក់ និង រំដោះ​ជនរងគ្រោះ​បាន​២​នាក់ ចំណែក​ពួក​ឧក្រិដ្ឋជន​២​នាក់​ទៀត ​​កំពុង​រត់គេចខ្លួន​នៅឡើយ៕

អត្ថបទ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114