ឃុំខ្លួន​ជនជាតិ​ចិន​បួន​នាក់​ ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ ជំរិត​ទារ​ប្រាក់

ភ្នំពេញ ៖ ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​ចំនួន​៤​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ដើម្បី​ជំរិត​ទារ​ប្រាក់​ ​​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់ ​ពីបទ​បង្ខាំង​មនុស្ស។

មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា ​ជនសង្ស័យ​៤​នាក់ មានឈ្មោះ LY KANGJIE អាយុ​២៧​ឆ្នាំ ឈ្មោះ WU YOU អាយុ​២៥​ឆ្នាំ ឈ្មោះ​WANGJIAN អាយុ​២៩​ឆ្នាំ និង ​ឈ្មោះ CHEN JIAJIA អាយុ​២៧​ឆ្នាំ​។​

ចំណែក​ជនជាតិ​ចិន​ជា​ជនរងគ្រោះ ​ឈ្មោះ HUANG BOLIN អាយុ​២០​ឆ្នាំ ចូល​ប្រទេស​កម្ពុជា ចំនួន​៣​លើក លើកចុងក្រោយ​នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គោលបំណង​រក​ការងារ​ធ្វើ។

សមត្ថកិច្ច​ការិយាល័យ​ស៊ើបអង្កេត និង ​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ យីហោ ជី​ង​ហាយ​វ័ន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​រសៀល​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​រក​ជនបរទេស​ណា​ដែល​លួច​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ស្រាប់តែ​រក​ឃើញ​បុរស​ជនជាតិ​ចិន​ចំនួន​៥​នាក់ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ​ក្នុងនោះ​មាន​ម្នាក់​ជា​ជនរងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ទារប្រាក់​។ ​ចំណែក​៤​នាក់​ទៀត​ ជា​ជនសង្ស័យ​ក្នុង​អំពើ​ចាប់ជំរិត និង​បង្ខាំង​ជន​ជាតិ​ចិន​ដូច​គ្នា​៕
អត្ថបទ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114