F1 ៖ British Grand Prix 2020 មិនអាច​ទៅរួច​ឡើយ​បើ​មាន​វិធាន​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ

ក្រុម​ប្រណាំង​រថយន្ត Formula One បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការប្រណាំង​រថយន្ត British Grand Prix មិនអាច​ទៅរួច​នោះទេ​នៅក្នុង​ឆ្នាំនេះ បើសិនជា​កីឡា​ដ៏​សំ​រ៉ាំ​ង​មួយ​នេះ មិន​ត្រូវបាន​អនុគ្រោះ​ពី​ការ​វិធានការ​រឹតត្បិត​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ពេល​ចូល​ទឹកដី​ចក្រភព​អង់គ្លេស​ទេនោះ។

ទីលាន Silverstone គ្រោង​នឹង​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ប្រណាំង​រថយន្ត ២​ប្រកួត ដោយ​គ្មាន​ទស្សនិកជន ក្នុង​រដូវក្តៅ​នេះ ដែល​កម្មវត្ថុ​នៅ​រង់ចាំ​ការ​ឯកភាព​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស ដើម្បី​កុំ​ឲ្យ​ខាត​ពេល​នៅក្នុង​រដូវ​កាល​ប្រណាំង​រថយន្ត Formula One ឆ្នាំ​២០២០ ជា​កន្លែង​ដែល​ការប្រណាំង​ចំនួន​១០​ប្រកួត ត្រូវបាន​លុបចោល ឬ​ផ្អាក​រួចទៅហើយ។

លោក Stuart Pringle គឺជា​នាយក​គ្រប់គ្រង​ទីលានប្រណាំង Silverstone បាន​និយាយ​ថា កិច្ចព្រមព្រៀង​ជា​គោល ត្រូវ​បាន​ឈាន​ដល់​ហើយ​ជាមួយ​ក្រុម​ប្រណាំង​រថយន្ត Formula One ដើម្បី​រៀបចំ​ការ​ប្រណាំង​នៅលើ​វង់​ប្រណាំង​រថយន្ត​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​អង់គ្លេស​មួយ​នេះ ភ្លាមៗ​ក្រោយ​រដូវ​កាល​ប្រណាំង​រថយន្ត ចាប់ផ្តើម​នៅក្នុង​ប្រទេស​អូទ្រីស។

ទោះបីជា​យ៉ាងណាក៏ដោយ ឯកសារ​យុទ្ធសាស្ត្រ​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ COVID-19 របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស បានចេញ​ការ​ប្រុង​ប្រ​យ័ត្ន ដែល​រួមទាំង​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ សម្រាប់​អ្នក​មកដល់​ប្រទេស​អង់គ្លេស។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម Formula One បាន​និយាយប្រាប់ AFP​ថា ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ នឹងមិន​អាចធ្វើ​ឲ្យ​ការប្រណាំង​រថយន្ត British Grand Prix ក្នុងឆ្នាំនេះ កើតឡើង​បាន​នោះឡើយ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114