ចំនួនអ្នកប្រើប្រាស់កើនឡើង តែប្រាក់ចំណូលរបស់ Facebook ធ្លាក់ចុះ​គំហុក ក្នុងពេលវីរុសកូរ៉ូណារាតត្បាត

កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បាននិយាយថា ជំងឺកូវីដ១៩បានធ្វើឱ្យអ្នកប្រើប្រាស់បាក់ទឹកបាក់ដីមករកសេវាកម្មរបស់ខ្លួន ខណៈដែលវាធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មដែលបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងត្រូវពឹងផ្អែកជាចាំបាច់។

ការហៅជាសំឡេង និងវីដេអូតាមអ៊ីនធឺណិតនៅកម្មវិធី Messenger និង WhatsApp ដែលគ្រប់គ្រងដោយ Facebook បានកើនឡើងទ្វេដងនៅក្នុងតំបន់ជាច្រើនដែលរងគ្រោះដោយវីរុសកូរ៉ូណា។ នេះបើយោងតាមការប្រកាសរបស់អនុប្រធានផ្នែកវិភាគ លោក Alex Schultz និងលោក Jay Parikh អនុប្រធានវិស្វកម្ម។

លោកទាំងពីរបានមានប្រសាសន៍ថា “នៅពេលដែលជំងឺរាតត្បាតនេះកាន់តែរីករាលដាលឡើង ហើយមនុស្សកាន់តែច្រើនត្រូវហាត់រៀននៅឆ្ងាយពីគ្នា នេះក៏មានន័យថាមានមនុស្សជាច្រើនកំពុងប្រើប្រាស់កម្មវិធីរបស់យើង” ។

ភាគច្រើននៃការប្រើប្រាស់កើនឡើងគឺនៅលើសេវាផ្ញើសារដោយឥតគិតថ្លៃរបស់ Facebook ដែលមិនបានបង្កើតប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មឡើយ។

Facebook ដែលមានអ្នកប្រើជាង២ពាន់លាននាក់គឺស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលត្រូវបានគេរំពឹងថានឹងទទួលរងគ្រោះពីវិបត្តិនៃវីរុសកូរ៉ូណា ដែលបានផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់និងឥរិយាបទនៅលើអ៊ីនធឺណិតជាច្រើនរួចទៅហើយ។

ការផ្សាយពាណិជ្ជកម្មតាមអនឡាញត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ ព្រោះតែយុទ្ធនាការទីផ្សារជាច្រើនត្រូវបានកាត់បន្ថយ ហើយគោលដៅនៃការផ្សាយពាណិជ្ជកម្មទាំងនោះត្រូវបានធ្លាក់ចូលទៅក្នុងភាពវឹកវរ៕ AFP

ប្រែសម្រួល៖ តរុណី