Facebook,​ Microsoft និង Google ព្រួត​ដៃគ្នាប្រយុទ្ធ​ប្រឆាំងព័ត៌មាន​មិន​ពិត​អំពីវីរុស​កូវីដ១៩

ក្រុមហ៊ុន​ Facebook, ក្រុមហ៊ុន Google របស់ Alphabet Inc, ក្រុមហ៊ុន Microsoft Corp, ក្រុមហ៊ុន Twitter Inc និង Reddit បាន​និយាយ​ថា ​ពួកគេ​កំពុង​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ​អំពី​វីរុស Covid-19 ។

បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ពី​ក្រុមហ៊ុន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា “​យើង​កំពុង​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​នៅ​នៅ​ជា​មួយ​គ្នា​ក្នុង​ពេលនេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​មេរោគ។ នឹង​ជួយ​លើក​កម្ពស់​ខ្លឹមសារ​ព័ត៌មាន​ដែល​ល្អៗ​លើ​វេទិកា​របស់​យើង​ និង​ចែក​រំលែក​បច្ចុប្បន្នភាព​សំខាន់ៗ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ភ្នាក់ងារ​សុខាភិបាល​របស់​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក។ ក្រុមហ៊ុន LinkedIn របស់ Microsoft និង YouTube របស់ Google ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ​ដែរ។”

ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​និង​បណ្ដាញ​សង្គម​បាន​និយាយ​ថា ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដូចគ្នា។

ការិយាល័យ​វិទ្យាសាស្ត្រ​និង​គោលនយោបាយ​បច្ចេកវិទ្យា​នៃ​សេត​វិមាន​នៅ​ថ្ងៃ​ច័ន្ទ​ក៏​បាន​និយាយ​ដែរ​ថា​ ខ្លួន​បាន​កោះ​ប្រជុំ​ហើយ​នឹង​បន្ត​កិច្ច​ប្រជុំ​មួយ​ចំនួន​ជាមួយ​ក្រុម​បច្ចេកវិទ្យា​អាមេរិក​ និង​សមាគម​ឧស្សាហកម្ម​ផ្សេងៗ​គ្នា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​របស់​អាមេរិក​ទាំង​មូល​ចំពោះ​វីរុស COVID-19  ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំង។

ចំណែក​ក្រុមហ៊ុន​មួយ​ចំនួន ​រួម​ទាំង​ Facebook និង Youtube ​បាន​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត ​មុន​ពេល​ការ​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ។

គួរ​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩នៅ​ថ្ងៃអង្គារ​នេះ​បាន​ឡើង​ដល់ជិត ១៨ម៉ឺន​នាក់​ហើយ ខណៈអ្នក​ស្លាប់ជាង ៧ពាន់​នាក់ជុំវិញ​ពិភពលោក ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ