Facebook គ្រោងផ្ដល់ Bonus ប្រាក់ខែ ៦ខែ​​ឲ្យបុគ្គលិកជាង ៤ម៉ឺននាក់ និងថែម​ម្នាក់ ១០០០ដុល្លារទៀត​កំឡុង​វិបត្តិកូរ៉ូណា

ក្រុមហ៊ុនហ្វេសប៊ុក(Facebook) សន្យាផ្ដល់ប្រាក់រង្វាន់បន្ថែមរាប់ពាន់ដុល្លារដល់បុគ្គលិករបស់ខ្លួនចំនួន ៤៥ ០០០នាក់ក្នុងកំឡុងពេលការរាតត្បាតនៃវីរុសកូវីដ ១៩ ដែលកំពុងរាលដាលនៅពាសពេញពិភពលោក។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Mark Zuckerberg បានប្រកាសផ្តល់ប្រាក់ Bonus រយៈពេល ៦ ខែជាមួយនឹងប្រាក់បន្ថែម ១០០០ ដុល្លារបន្ថែមពីលើប្រាក់ខែដល់បុគ្គលិកពេញម៉ោងរបស់ខ្លួន ដើម្បីជួយដល់អ្នកធ្វើការនៅឆ្ងាយដែលមិនមានលទ្ធភាពទទួលបានសេវាកម្មផ្សេងៗដែលផ្តល់ដោយក្រុមហ៊ុន។

គេហទំព័រ The Information បានរាយការណ៍ថា និយោជិតដែលមិនមែន​ជាបុគ្គលិក​ពេញម៉ោងនឹងមិនមានសិទ្ធិទទួលបានប្រាក់បន្ថែមទាំងនេះទេ ប៉ុន្តែពួកគេនឹងទទួលបានប្រាក់ខែធម្មតា ខណៈពួកគេក៏មិនត្រូវបានឱ្យមកការិយាល័យដែរ។

លោក Mark Zuckerberg បានសរសេរក្នុងកិច្ចសន្យាថា ក្រុមហ៊ុនទទួលស្គាល់ថាមនុស្សជាច្រើនត្រូវការពេលវេលាដើម្បីថែទាំកូនៗ និងគ្រួសាររបស់ពួកគេ។ លោកបន្តថា ក្រុមហ៊ុនក៏ដឹងដែរថាបុគ្គលិកភាគច្រើនត្រូវការការចំណាយបន្ថែម និងត្រូវការផ្គត់ផ្គង់គ្រួសារច្រើន។ លោកបន្ថែមថា ក្រុមហ៊ុននឹងផ្តល់ប្រាក់បន្ថែមចំនួន ១០០០ ដុល្លារដល់និយោជិកទាំងអស់ដើម្បីទ្រទ្រង់ខ្លួននិងក្រុមគ្រួសារ ក៏ដូចជាតម្រូវការផ្សេងទៀតតាមការចាំបាច់។

គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់បានតេស្តវិជ្ជមានលើវីរុសកូរ៉ូណានៅទីស្នាក់ការកណ្តាលទីក្រុងស៊ីថល(Seattle) សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែមីនា ការិយាល័យនេះបានបិទទ្វារ និងបានតម្រូវឲ្យនិយោជិកខ្លួនធ្វើការពីផ្ទះជំនួស៕

ចុចអាន៖ WHO ផ្ដើម Live វីដេអូលើ TikTok ដើម្បីប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩

ចុចអាន៖ ៩៩% នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូវីដ១៩​ នៅ​​អ៊ីតាលី​សុទ្ធ​តែ​ជា​អ្នក​មាន​ជំងឺផ្សេងទៀត

ប្រែសម្រួល៖ សន្យា
ប្រភព៖ dailymail