BREAKING NEWS
Search

គិត​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩ ​អ្នកប្រើប្រាស់​សេវា​ទូរសព្ទ​ចល័ត​មាន​​​ជាង​២១​លាន​ស៊ីម​ និង​ហ្វេ​ស​ប៊ុ​ក​ប្រើប្រាស់​ជាង​៨​លាន​គណនី

ភ្នំពេញ ​៖ ​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​កន្លងទៅនេះ​ អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត​មាន​ចំនួន​ស៊ីម ២១,៦៧៥,៥២៣ និង​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ និង​អចល័ត​មាន​១៦,៣៥០,៤៦០​ស៊ីម​ និង​ចំនួន​គណនី​ហ្វេ​ស​ប៊ុ​ក​ប្រើប្រាស់​មាន​៨,៨០០,០០០​គណនី។

លោក មាស ប៉ូ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បានបញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​”​វឌ្ឍន៍ភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​”​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​៣០​ ខែមីនា ​ឆ្នាំ​២០២០​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

លោក​អនុរដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ដើម្បី​បង្កើន​វិសាលភាព​គ្របដណ្តប់​សេវា​ទូរ​សព្ទ​ចល័ត កម្មវិធី​កាតព្វកិច្ច​សេវា​សកល​ក្នុង​វិស័យ​ទូរគមនាគមន៍ ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ត​ភ្ជាប់​និង​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត ឲ្យ​ខិតខំ​ពង្រីក​បណ្តាញ​របស់ខ្លួន​ទៅកាន់​តំបន់​ជនបទ​ដាច់ស្រយាល​ដើម្បី​រួមចំណែក​កាត់បន្ថយ​គម្លាត​ឌីជីថល រវាង​ទីក្រុង​និង​ជនបទ​យោងទៅតាម​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ជំពូក​ទី​៩​មាត្រា​៤០​ចំណុច​”​ក​” ចែងថា​ ការបង្កើត​និង​ការគ្រប់គ្រង​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​។​ មាត្រា​៤២​ចែងថា មូលនិធិ​កាតព្វកិច្ច​សេវា​សកល​អាច​មាន​ប្រភព​មកពី​ថវិកា​ក្នុង​ឬ​ក្រៅប្រទេស​។​ ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ត្រូវ​ចូលរួម​លើក​កម្ពស់​កម្មវិធី​កាតព្វកិច្ច​សេវា​សកល ដោយ​ត្រូវ​ចូលរួម​វិភាគទាន​រៀងរាល់​ឆ្នាំ​ចំនួន​២​ភាគរយ នៃ​ចំណូល​ដុល​ទៅក្នុង​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​។​

ជាក់ស្តែង​ក្រោម​កម្មវិធី​សេវា​សកល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ដំឡើង​ស្ថានីយ​ទូរសព្ទ​ចល័ត​ថ្មី​បាន​១៣៣ ទីតាំង និង​បង្កើន​សមត្ថភាព​ពី​ស្ថានីយ​ទូរ​សព្ទ​ចល័ត​បច្ចេកវិទ្យា​ជំនា​ន់ទី​២(2G) ទៅ​បច្ចេកវិទ្យា​ជំនា​ន់ទី​៣​និង​ទី​៤(3G/4G) បាន​៩១​ស្ថានីយ​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។​

មកទល់ពេលនេះ​ក្រសួង​ទទួលបាន​ប្រាក់ចំណូល​ពី​ការបង់​វិភាគទាន សម្រាប់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ចំនួន ៩,៣២០,៥៤១.៧៧​ដុល្លារ​អាមេរិក និង​វិភាគទាន​សម្រាប់​មូលនិធិ​នៃ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ចំនួន ៤,៥០០,០០០​ដុល្លារ​អាមេរិក​។​
ក្នុង​ឆ្នាំ​២០១៩​ទៅនេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រមូល​ចំណូល​សរុប​ចំនួន​៥៤,៨៦០,២៤២.៥២ ដុល្លារ​អាមេរិក ចំណាយ​សរុប​មាន​ចំនួន ២៣,៨៨១,០៨២.០០​ដុល្លារ​អាមេរិក និង​បំណុល​សរុប ៣២,៦៥៧,៩៨៩.០២​ដុល្លារ​អាមេរិក​៕
​វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114